យ៉ាងហ្គន៖ ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ជំនួយមនុស្សធម៌មិនគួរត្រូវបានលាបពណ៌ឡើយ។ លោកថ្លែងបែបនេះក្នុងពេលបានប្រគល់អំណាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់អាស៊ានជូនដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនានេះ នៅរដ្ឋធានីយ៉ាងហ្គន។
ពិធីប្រគល់ជំនួយជាវ៉ាក់សាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមរបស់អាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយមានការគាំទ្រពីដៃគូសន្ទនា ដូចជាប្រទេសចិន និងដៃគូខាងក្រៅដទៃទៀត ដើម្បីលើកកម្ពស់មជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់រួមនៅក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា៖ «ជំនួយមនុស្សធម៌មិនគួរត្រូវបានលាបពណ៌អ្វីឡើយ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូខាងក្រៅ គួរតែទុកមួយឡែកនូវការខ្វែងគំនិតផ្នែកនយោបាយ ហើយប្រមូលផ្តុំគ្នានៅក្រោមឆ័ត្រមនុស្សធម៌ ដើម្បីកែលម្អស្ថានភាពជាក់ស្តែងបន្តិចម្តងៗ។ មិនថាផ្នែកណាមួយនៃប្រទេសមីយ៉ាន់ម៉ានោះទេ គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់ ហើយអ្វីដែលសំខាន់បំផុតជាងគេនោះគឺថា ត្រូវតែបោះជំហានដំបូងទៅមុខ»។
វ៉ាក់សាំងចំនួនពីរលានដូសនឹងត្រូវចាក់ជូនប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតំបន់ដែលពិបាកទៅដល់ ក្រោមយន្តការ ៥០:៥០ នៃក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នារបស់ក្រសួងសុខាភិបាលនិងដៃគូ ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ព្រមទាំងត្រូវបានអនុម័តនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ។ សេចក្តីលម្អិតនៃការផ្តល់ និងការគ្រប់គ្រងវ៉ាក់សាំងនេះនឹងត្រូវបានកំណត់នៅពេលក្រោយ ដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) លេខាធិការដ្ឋាន អាស៊ាន ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា រដ្ឋាភិបាលចិន និងដៃគូពាក់ព័ន្ធ ដោយគ្មានភាពលំអៀង ព្រមជាមួយនឹងគោលបំណងតែមួយគត់គឺ «មិនទុកនរណាម្នាក់នៅមីយ៉ាន់ម៉ាចោលនោះទេ»៕