ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថាកម្ពុជានឹងធ្វើយ៉ាងណាដើម្បីអាចដកចេញពីបញ្ជីប្រផេះនៃការលាងលុយកខ្វក់ និងសំដៅលើកកម្ពស់កិត្តិនាមកម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិផង។
ថ្លែងនៅក្នុងកិច្ចប្រជុំនាថ្ងៃពុធ ទី២៩ ខែមិថុនា ផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ គ.ស.ហ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍កែសម្រួលសមាសភាព និងពង្រីកវិសាលភាពសមាសភាព គ.ស.ហ ឱ្យកាន់តែធំទូលាយ ព្រមទាំងបង្កើតអនុគណៈកម្មការ និងក្រុមការងារដើម្បីដឹកនាំ និងអនុវត្តការងារដែលនៅសេសសល់ជំរុញឱ្យកម្ពុជាកាន់តែឆាប់ចេញពីបញ្ជីប្រផេះនៃការលាងលុយ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ លោក ជា ចាន់តូ បានធ្វើសេចក្ដីរាយការណ៍ឱ្យដឹងថា បន្ទាប់ពីត្រូវដាក់បញ្ជូលក្នុងបញ្ជីប្រផេះលើកទី២ កាលពីដើមឆ្នាំ២០០៩ កម្ពុជាបានខិតខំអនុវត្តតាមផែនការសកម្មភាព ១៤ចំណុចដែលបានដាក់ចេញ និងបានបំពេញផែនការសកម្មភាពដែលសេសសល់សម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពលើកទី៩ កំណត់ត្រឹមខែមេសា ឆ្នាំ២០២២ ដើម្បីឈានដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះឱ្យបានឆាប់រហ័ស។
លោកបន្តថាកម្ពុជានៅតែបន្តរាយការណ៍ និងរក្សាកំណើននៃទិន្នន័យពាក់ព័ន្ធនឹងការបញ្ជូនរបាយការណ៍ និងចំនួននៃការស៊ើបអង្កេត និងការចោទប្រកាន់ពីបទសម្អាតប្រាក់ ដែលទាមទារឱ្យមានការចូលរួមពីមន្រ្តីពាក់ព័ន្ធសំដៅឈានទៅទាញកម្ពុជាចេញពីបញ្ជីប្រផេះ និងធានាស្ថិរភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា ខណៈក្រុមការងារអន្តរជាតិនឹងចុះមកត្រួតពិនិត្យដល់ទីកន្លែងនៅអំឡុងខែមករា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិច អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក កើត រិទ្ធ បានរាយការណ៍ថា បច្ចុប្បន្នកម្ពុជាបានបានបង្កើតបាននូវយន្តការប្រឆាំងការសម្អាតប្រាក់នៅតាមក្រសួងស្ថាប័ននានា ដែលលោកថាគឺជាគន្លឹះធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ទាំងសម្រាប់ពេលចំពោះមុខ ទាំងសម្រាប់រយៈពេលវែងទៅថ្ងៃមុខ។
សម្ដេចក្រឡាហោម ស ខេង បានរម្លឹកជាថ្មីទៀតឱ្យអាជ្ញាធរមានសមត្ថកិច្ចមានវិធានការស្រាវជ្រាវឱ្យដល់ឬសគល់នៃប្រភពធនធានរបស់ក្រុមជួញដូរគ្រឿងញៀន ធ្វើយ៉ាងណាបង្កក ឬរឹបអូសកុំឱ្យក្រុមឧក្រិដ្ឋជនទាំងនោះអាចលាងលុយកខ្វក់របស់ពួកគេបាន។
សម្ដេចថា៖ «តើមានធនធាន មានទ្រព្យសម្បត្តិរាប់ទាំងថវិកា ដីធ្លី ផ្ទះសម្បែង មធ្យោបាយ ឬឧបករណ៍ផ្សេងៗទៀតទេដែលមានការពាក់ព័ន្ធ និងតើជនប្រព្រឹត្តបទល្មើសនោះយកមពីណា ហើយមានប៉ុន្មាន? រួចហើយតុលាការនឹងធ្វើការវិនិច្ឆ័យដើម្បីបង្កក រឹបអូស ដែលនោះហើយជាកិច្ចការដែលយើងត្រូវធ្វើ»។
កម្ពុជាត្រូវបានក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF នៅប្រទេសបារាំង បន្តដាក់ជាប្រទេសក្នុងបញ្ជីប្រផេះនៃក្រុមប្រទេសដែលមានហានិភ័យនៃការលាងលុយកខ្វក់ដែលត្រូវបង្កើនការតាមដាន។ នេះជាឆ្នាំទី៣ហើយដែលស្ថាប័ននេះបានដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីនៃការព្រួយបារម្ភនេះ៕