ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ផ្នែកយុត្តិធម៌ និងសិទ្ធិមនុស្សនៅកម្ពុជាបានឆ្លើយឆ្លងគ្នាជាមួយមន្ត្រីអង្គការសង្គមស៊ីវិល ក្នុងវេទិកាដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃពុធ ទី២៩ ខែមិថុនានេះ ដោយប្រើពេលជាង២ម៉ោងក្នុងការការពាររៀងៗខ្លួន។
ថ្លែងនៅក្នុងវេទិការនេះលោក ជិន ម៉ាលីនបានលើកឡើងថា ការវិវត្តន៍សិទ្ធិមនុស្សនៅកម្ពុជាមានភាពវិជ្ជមាន តែលោកក៏ទទួលស្គាល់ពីចំណុចខ្វះខាតមួយចំនួនផងដែរ ទោះជាយ៉ាងណាវាមិនដូចរបាយការណ៍របស់អង្គការសង្គមស៊ីវិលបានចេញនោះទេ។ លោកថាបានសួរទៅអង្គការសង្គមស៊ីវិលពីវិធីធ្វើសាស្រ្តស្រាវជ្រាវធ្វើរបាយការណ៍របស់ពួកគេ។
លោក ជិន ម៉ាលីន បានពន្យល់ថា៖ «ជាទូទៅការធ្វើរបាយការណ៍របស់រដ្ឋាភិបាលគឺមើលទៅលើយន្តការណ៍នៃការកែទម្រង់ យើងសិក្សាពីចំណុចវិជ្ជមាន និងអវិជ្ជមាន យើងសិក្សាពីបញ្ហាប្រឈម ហើយយើងដាក់ចេញជាដំណោះស្រាយ ចឹងការធ្វើរបាយការណ៍របស់រដ្ឋាភិបាលគឹធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍របស់រដ្ឋាភិបាលក្នុងការធ្វើកែទម្រង់ ចឹងមានការសិក្សាគ្រប់ ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមាន ចំណុចខ្លាំង ចំណុចខ្សោយ ចំណុចខ្វះខាតដើម្បី បម្រើគោលដៅនៃការកែទម្រង់ […] ចឹងបើអង្គការសង្គមស៊ីវិលមានគោលដៅផ្សេងពីនេះអាចចេញរបាយការណ៍ផ្សេងគ្នា បើមានគោលដៅដូចគ្នាទេវាមិនគួរមានរបាយការណ៍ខុសគ្នានោះទេ»។
ជាការឆ្លើយតប នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ លោក អំ សំអាត បានឱ្យដឹងថា ទស្សនៈវិស័យរបស់សង្គមស៊ីវិល និងទស្សនៈវិស័យរបស់រដ្ឋាភិបាលមិនខុសគ្នាទេ គឺមានទស្សនៈវិស័យមួយចង់ឃើញ ប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់ លទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋរស់នៅ ដោយសុខសន្តិភាព ស្ថិរភាព ទទួលបាននូវការគោរពសិទ្ធិ មនុស្សគោរពគ្នាទៅវិញទៅមក ក្នុងសង្គមមួយដែលមានភាពថ្លៃថ្នូរ ហើយចង់ឃើញយុត្តិធម៌នៅក្នុងសង្គម នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ។
លោកបានបញ្ជាក់ថា៖ «អង្គការលីកាដូមិនបានធ្វើតាមទោះបីជាម្ចាស់ជំនួយបរទេសក៏ដោយក៏យើងមិនធ្វើតាមការបង្គាប់បញ្ជាណាមួយ ដែលវាខុសពីឆន្ទះ លក្ខខណ្ឌ និងគោលនយោបាយរបស់អង្គការលីការដូទេ ហើយបើសិនជាមានលក្ខខណ្ឌខុសគឺយើងអត់ទទួលយកជំនួយទេ ព្រោះវាផ្ទុយ ពីគោលនយោបាយរបស់អង្គការ»។
លោកបានពន្យល់ពីរបៀបក្នុងធ្វើរបាយការណ៍របស់ខ្លួនដែរថា អង្គការធ្វើការដោយផ្អែកលើបច្ចេកទេសមិនលំអៀង នយោបាយដោយពិនិត្យលើបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ ដែលយកមកធ្វើជាមូលដ្ឋានក្នុងការស្រាវជ្រាវ ក្នុងការពិនិត្យមើលស្ថានភាព ហើយធ្វើការវិភាគថាការអនុវត្តបានប៉ុន្មាន និងខ្វះខាតប៉ុន្មាន។
លោកថា៖ «យើងធ្វើជាបច្ចេកទេសសុទ្ធសាធតែម្តង»។
លោកក៏បានស្នើរសុំកុំឱ្យគិតថាសង្គមស៊ីវិលជាអ្នកប្រឆាំង និងសុំដល់រដ្ឋាភិបាលជួយណែនាំដល់មន្រ្តីមូលដ្ឋានជួយសម្របសម្រួលការងាររបស់មន្រ្តីអង្គការសង្គមស៊ីវិលផងដែរ។
ជាមួយគ្នានេះតំណាងអង្គការតម្លាភាពកម្ពុជាបានចេញមកអះអាងបញ្ជាក់ថា អង្គការសង្គមស៊ីវិលមានឯករាជភាពពេញលេញក្នុងការអនុវត្តការងារ ដោយមានជាសក្ខីកម្ម លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ និងបានច្រានចោលចំពោះមតិតដែលថាអង្គការសង្គមស៊ីវិលធ្វើការតាមការចង់បាន របស់ក្រុមឬបុគ្គលណាមួយ។
តំណាងសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៏នៅកម្ពុជា ហៅថាអាដហុក បានបញ្ជាក់ដែរថាសមាគមអាដហុកនឹងមិនដើរតាមដាច់ខាតចំពោះម្ចាស់ជំនួយថវិកាទាំងឡាយណាដែលមិនធ្វើតាមគុណតម្លៃរបស់សមាគម។
ពាក់ព័ន្ធនឹងការធ្វើរបាយការណ៍មិនចុះសម្រុងគ្នាលោកបានស្នើរសុំឱ្យរដ្ឋាភិបាលចុះទៅវាយតម្លៃមូលដ្ឋានពិត ជៀសវាងទទួលបាន ព័ត៌មានដែលមិនឯករាជ្យ ឬមួយលម្អៀង ហើយធ្វើឱ្យមានការភាន់ច្រឡំនឹងគ្នា។
លោកក៏បានស្នើរសុំឱ្យរដ្ឋាភិបាលជួយពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន ឱ្យគាត់យល់ដឹងអំពី គ្រឹះច្បាប់នៃមូលដ្ឋាន អំពីរដ្ឋធម្មនុញ្ញ សិទ្ធិមនុស្ស សិទ្ធិនយោបាយ និងអនុសញ្ញារពាក់ព័ន្ធផ្សេងៗទៀត។
ឆ្លើយតបនឹងការលើកឡើងរបស់តំណាងអង្គការសង្គមស៊ីវិលនីមួយៗ លោក ជិន ម៉ាលីន បានសម្តែងការរីករាយដែលសង្គមស៊ីវិលអះអាងថា ការបំពេញសកម្មភាពតាមលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ហើយមិនស្ថិតនៅក្រោមសម្ពាធរបស់ម្ចាស់ជំនួយនោះឡើយ។
លោកបានបញ្ជាក់ឡើងវិញដែរថា ការលើកឡើងរបស់លោកគឺផ្អែកលើការស្រាវជ្រាវរបស់បរទេសមួយដែលគេលើកឡើងពីបញ្ហារប្រឈមនិងចំណុចខ្វះខាតរបស់សង្គមស៊ីវិលនៅកម្ពុជា ដែលមានបញ្ហាពីរ គឺផ្ទៃក្នុងរបស់សង្គមស៊ីវិល និងទំនាក់ទំនងជាមួយហ្នឹងរដ្ឋាភិបាល ហើយការធ្វើការរបស់សង្គមស៊ីវិលធ្វើតាមរបៀបវារៈរបស់ម្ចាស់ជំនួយ។
មុននឹងបញ្ចប់ រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានស្នើរឱ្យអង្គការសង្គមស៊ីវិលរួមគ្នាដើម្បីអភិវឌ្ឍន៍សង្គមជាតិកម្ពុជាជាពិសេសដើម្បីសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកថាបើសិនជាមន្រ្តីអង្គការសង្គមស៊ីវិលជួបបញ្ហាឧបសគ្គនៅមូលដ្ឋានគឺអាចទាក់ទងមករដ្ឋាភិបាលភ្លាមដើម្បីធ្វើការសម្របសម្រួលទាំងអស់គ្នា៕