ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា ដោយសារតែការទូតវប្បធម៌ និងការទូតម្ហូបអាហារនឹងលើកកម្ពស់កិត្យានុភាព និងបន្ថែមការយល់ដឹងពីបរទេសពីវប្បធម៌ដ៏ល្អប្រពៃនិង សំបូរបែបរបស់ប្រទេសកម្ពុជា ក្រុមការងារមួយកំពុងស្ថិតក្នុងការពិចារណាដើម្បីបង្កើតឡើង ដើម្បីជំរុញមុខម្អូបជាក់លាក់ណាមួយនៅលើឆាកអន្តរជាតិ។
ថ្លែងនៅក្នុងកម្មវិធីរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃទី២៧ ខែមិថុនា លោក ប្រាក់ សុខុន បានឱ្យដឹងថា ដើម្បីជំរុញមុខម្អូបខ្មែរនៅលើឆាកអន្តរជាតិនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន និងស្ថានតំណាងនៅក្រៅប្រទេស។
លោកបានលើកឡើងថា ដើម្បីធ្វើឱ្យសាធារណៈជនបរទេសស្គាល់ពីម្អូបខ្មែរផងដែរ ជាក់ស្តែងក្រសួងបានបោះពុម្ភ និងផ្សព្វផ្សាយសៀវភៅម្អូបមានឈ្មោះថា «កេរដំណែលស្នាដៃម្អូបខ្មែរ» “The Taste of Angkor” ដែលសៀវភៅមុខម្ហូបខ្មែរនេះបានពណ៌នាលម្អិតអំពីគ្រឿងផ្សំមុខម្ហូប និងបង្អែមរបស់ខ្មែរចំនួន ៣៨មុខ ដោយបង្ហាញពីវិធីចម្អិនងាយៗ និងងាយស្រួលរកគ្រឿងផ្សំនៅបរទេសសម្រាប់អ្នកការទូតកម្ពុជាប្រើប្រាស់ និងផ្តល់ជាវត្ថុអនុស្សាវរីយជូនភ្ញៀវបរទេស។
លោកបានបញ្ជាក់ថា៖ «គ្រឿងដែលរកមិនបាននៅបរទេសគឺសៀវភៅបានបង្ហាញអំពីបន្លែ គ្រឿងផ្សំនានាដែលយើងអាចរកបាននៅប្រទេសគេ ហើយអាចជំនួសរបស់ដែលមានតែនៅក្នុងស្រុកខ្មែរយើង»។
លោកថា៖ «ពិភពលោកស្គាល់ច្បាស់ណាស់កម្ពុជាតាមរយៈប្រាសាទអង្គរ ប៉ុន្តែគេអត់ស្គាល់កម្ពុជាតាមរយៈម្ហូបខ្មែរទេ យើងទៅស្រុកគេមានហាងច្រើនណាស់ គឺគេដាក់ Chinese Restaurant, Vietnamese Restaurant, Thai Restaurant ឬ Japanese Restaurant តើឯណាទៅម្ហូបខ្មែរ ដើរចង់សឹកស្បែកជើងទើបរកឃើញមួយ ចឹងម្អូបខ្មែរតាមការពិតមិនអន់ទេ ប៉ុន្តែយើងអត់បានធ្វើឱ្យគេស្គាល់ អត់បានឱ្យគេភ្លក់រសជាតិរបស់ម្ហូបខ្មែរ។»
គួរបញ្ជាក់ដែរថា សៀវភៅ «កេរដំណែលស្នាដៃម្អូបខ្មែរ» “The Taste of Angkor” ទទួលបានពានរង្វាន់ សៀវភៅមុខម្ហូបខ្មែរអាស៊ីដែលល្អដាច់គេនៅក្នុងកម្មវិធី Gourmand World Cookbook Awards 2021 ដែលធ្វើនៅក្នុងទីក្រុងប៉ារីស និងថ្មីៗនេះ បានឈ្នះជ័យលាភីធំៗចំនួនពីរបន្ថែមទៀត សៀវភៅម្អូបអាស៊ីដ៏ល្អដាច់គេ និងសៀវភៅម្អូបឆ្នើមដែលរៀបរាងដោយថ្នាក់ដឹកនាំនៃរដ្ឋ ក្នុងកម្មវិធីដដែល Gourmand World Cookbook Awards 2022 ដែលធ្វើឡើងនៅប្រទេសស៊ុយអែត៕