លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

BREAKING NEWS: នាយករដ្ឋមន្ត្រីបញ្ជាឱ្យស្រាវជ្រាវរកតំបន់ដែលពលរដ្ឋភាគច្រើនមិនបានទទួលវ៉ាក់សាំងដូសជំរុញទី៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ស្រាវជ្រាវរកតំបន់ណាដែលពលរដ្ឋភាគច្រើនមិនបានទទួលវ៉ាក់សាំងដូសជំរុញទី៣ ដើម្បីរៀបចំផែនការពង្រាយមន្ត្រីសុខាភិបាល និងទីតាំងចុះចាក់ជូនពលរដ្ឋ។ នេះបើតាមសារសំឡេងពិសេសរបស់សម្ដេចតេជោនារសៀលថ្ងៃច័ន្ទ ទី២៧ ខែមិថុនានេះ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីបារម្ភពីពលរដ្ឋដែលមានជាង ៥លាននាក់ដែលនៅមិនទាន់ទទួលបានវ៉ាក់សាំងដូសជំរុញទី៣ ដែលថាជាអ្នកប្រឈមខ្ពស់នៃការឆ្លង និងឈឺដោយសារជំងឺកូវីដ-១៩ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សង្គម សេដ្ឋកិច្ច។

សម្ដេចតេជោ បានជម្រាបពលរដ្ឋកុំឱ្យភ័ន្តច្រលំថាការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រឹមដូសជំរុញ ២ដូស គឺគ្រប់គ្រាន់។

សម្ដេចតេជោថា៖ «នេះជាការភ័ន្តច្រលំមួយដ៏ធំដែលអាចបង្កើតជាហានិភ័យដ៏គ្រោះថ្នាក់សម្រាប់ប្រទេសជាតិ សម្រាប់ផ្ទាល់ខ្លួនក្រុមគ្រួសាររបស់បងប្អូននាពេលខាងមុខ។ វ៉ាក់សាំងអាចអស់ពីខ្លួនយើងរួចហើយគ្មានអ្វីការពារខ្លួនទៀតទេ ព្រោះគម្លាតនៃការចាក់វ៉ាក់សាំងដូសមូលដ្ឋានមកដល់ពេលនេះគឺមានគម្លាតរយៈពេលវែងណាស់ទៅហើយ»។

សម្ដេចតេជោ អំពាវនាវជាថ្មីឱ្យពលរដ្ឋដែលមិនទាន់ចាក់ដូសជំរុញទី៣ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ហើយអ្នកដែលបានចាក់ដូសទី៣ ទៅចាក់ដូសទី៤ ខណៈមន្ត្រីរាជការបន្តទៅចាក់ដូសទី៥ បន្ថែមទៀតផងដែរ។

របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេសចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ មានពលរដ្ឋជាង ១៤លាននាក់បានទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ខណៈមានពលរដ្ឋតែជាង ៩លាន ៤សែននាក់ប៉ុណ្ណោះដែលទៅទទួលវ៉ាក់សាំងដូចជំរុញទី៣ និងជិត ៣លាននាក់ទទួលដូសជំរុញទី៤ ហើយអ្នកទៅទទួលដូសទី៥ មានជាង ២៦ម៉ឺននាក់។

ដោយសារតែភាពជោគជ័យនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅបាន១០០% កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសទាំងស្រុងលើគ្រប់វិស័យដែលបានធ្វើឱ្យសេដ្ឋកិច្ចសង្គមត្រលប់មកធម្មតាវិញ។ ទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នៅតែរម្លឹកជារឿយៗកុំឱ្យភ្លេចពីជំងឺកូវីដ-១៩ និងជំរុញដល់ពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា។

សម្ដេចតេជោ ប្រកាសថាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃទោះបីជាត្រូវចាក់ដល់ដូសទី២០ក៏ដោយ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក