ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រសិតពិសេសប្រធានអាស៊ានទទូចឱ្យរដ្ឋបាលរដ្ឋមីយ៉ាន់ម៉ាឱ្យបញ្ជូនលោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅលំនៅដ្ឋានវិញ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានជម្រាបជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា «នូវក្ដីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្តីពីការផ្ទេរលោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋសម្របសម្រួលដល់ការបញ្ចូនលោកស្រីត្រឡប់ទៅលំនៅដ្ឋានដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។

នៅក្នុងលិខិតរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៧ ខែមិថុនា នេះប្រសិតពិសេសរបស់ប្រធានអាស៊ាន លោក ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតផ្ញើជូន ឯកឧត្តម Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលថ្មីៗនេះថា៖ «ខ្ញុំមិនមានមន្ទិលសង្ស័យទេថាក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថាលោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថា មានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សារជាតិឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ»

លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា «ខ្ញុំសូមលើកឡើងពីការទទូចរបស់សហសវិកអាស៊ាន សូមអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ»

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងថា «យើងទាំងអស់គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះមិនត្រូវបានបញ្ចូលទៅក្នុងសមីការ (equation) ដំណោះស្រាយ» និងបានគូសបញ្ជាក់ថា «អាស្រ័យហេតុនេះ សហសេវិកអាស៊ានទាំងអស់ជំរុញយ៉ាងខ្លាំងអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់មីយ៉ាន់ម៉ា ចាប់ផ្ដើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សារជាតិដោយមិនមានការពន្យារពេលបន្ថែម ទៀតនោះឡើយ»។ ឯកឧត្តមប្រេសិតពិសេស បានបន្ថែមថា ដំណោះស្រាយនយោបាយដោយសន្តិវិធី ចំពោះជម្លោះមួយ ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលំហ នយោបាយដោយភាគីពាក់ព័ន្ធទាំងអស់។

យោងតាមរបបយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ឃុំខ្លួនពីផ្ទះទៅ នៅក្នុងបរិវេណពន្ធនាគារក្នុងរដ្ឋធានី Naypyidaw របស់ប្រទេសមីយ៉ាន់ម៉ា។

អតីតមេដឹកនាំដែលមានអាយុ ៧៧ឆ្នាំត្រូវបានចាប់ខ្លួនដោយយោធាចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលមានរដ្ឋប្រហារយោធាកើតឡើង។

ចាប់តាំងពីពេលនោះមកគាត់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មយ៉ាងតិចចំនួន ២០ ដែលអាចឱ្យគាត់ជាប់ទោសអស់មួយជីវិតនៅក្នុងពន្ធនាគារ រួមទាំងអំពើពុករលួយជាច្រើន ដែលនីមួយៗត្រូវផ្តន្ទាទោសអតិបរមា ១៥ឆ្នាំ។

ក្រុមមេធាវីរបស់លោកស្រីបានបដិសេធការចោទប្រកាន់នេះ ខណៈក្រុមសិទ្ធិមនុស្សបានថ្កោលទោសករណីនេះថាជាការប៉ុនប៉ងដកលោកស្រីចេញជាពីឆាកនយោបាយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក