ប្រ៊ីសបិន៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ លោក គឹម សន្ដិភាព បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១ - ២៨.៦.២០២២) នៅទីក្រុងប្រីសបិន (Brisbane) ប្រទេសអូស្ត្រាលី។
ពិធីនេះរៀបចំនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សនៅប្រទេសអូស្ត្រាលីជាច្រើនរយនាក់។
គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅកម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។
បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូប គឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន ៨៦៥នាក់។
គណបក្សនឹងរៀបចំមិទ្ទិញអបអរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានឹងរៀបចំឡើងនៅថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៦ព្រឹកតទៅ នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕