ហ្វីលីពីន និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយនៅថ្ងៃចន្ទនេះ | ទេសចរមកច្រើនពេកនៅអេស្ប៉ាញធ្វើឱ្យពលរដ្ឋធ្វើបាតុកម្មដេញទៅផ្ទះវិញ | អាជ្ញាធរសង្គ្រោះស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីលោតរត់គេចខ្លួនពីបន្ទប់ក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ | ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី H5N1 លើក្មេងស្រីអាយុ ៥ឆ្នាំម្នាក់នៅស្រុកគិរីវង្ស ខេត្តតាកែវ |

BREAKING NEWS: គណបក្សប្រជាជនកម្ពុជាសេចក្ដីថ្លែងការណ៍ប្ដេជ្ញាអនុវត្តគោលនយោបាយឱ្យបានជោគជ័យដើម្បីជាប្រយោជន៍របស់ប្រជាជន

ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសពីលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបង្ហាញថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីរួចមក។ គណបក្សប្រជាជនកម្ពុជា បានប្រកាសប្ដេជ្ញាថានឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជននៅគ្រប់មូលដ្ឋាន។

ក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនានេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រកាសនៅថ្ងៃទី២៦ ខែមិថុនានេះ។ គណបក្សបានលើកឡើងថា លទ្ធផលនៃការបោះឆ្នោតនេះ បានកើតចេញពីទឹកចិត្ត ឆន្ទៈ និងវិចារណញ្ញាណរបស់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ ដែលមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំចំពោះការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនបន្តទៀត ហើយបានបដិសេធនូវការកុហកបោកប្រាស់ ញុះញង់ មួលបង្កាច់ការពិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលតែងតែរារាំងដំណើរអភិវឌ្ឍន៍កម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍នោះបានបន្ថែមថា៖ «ការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងនូវការ ផ្តល់យុត្តិធម៌ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងការគាំទ្រយ៉ាងទូលំទូលាយចំពោះគោលនយោបាយ អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា»។

លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់បង្ហាញថាគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសរុបចំនួន ៩ ៣៧៦ ដែលក្ដោបក្ដាប់មេឃុំបានចំនួន ១ ៦៤៨ឃុំ-សង្កាត់ ខណៈគណបក្សភ្លើងទៀនកាន់តំណែងមេឃុំបាន៤ឃុំ។

ផ្អែកទៅលើលទ្ធផលនេះគណបក្សប្រជាជនបានសំដែងនូវការដឹងគុណចំពោះជនរួមជាតិដែលបោះឆ្នោតគាំទ្រគណបក្សមួយនេះនិងថាប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍដែលមានតម្លៃលើសអ្វីៗទាំងអស់ ព្រមជាមួយនោះបានពង្រឹងមូលដ្ឋានសម្រាប់គណបក្សប្រជាជនកម្ពុជាឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ។

គណបក្សដ៏ធំនៅកម្ពុជានេះបានប្ដេជ្ញាថា៖ «សូមប្ដេជ្ញាចំពោះមុខប្រជាជនថា គណបក្សនឹងអនុវត្តគោលនយោបាយរបស់ ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ លើកកម្ពស់ ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់ វិស័យឱ្យកាន់តែរីកចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តមរបស់ប្រជាជន គ្រប់ៗរូបនៅគ្រប់មូលដ្ឋាន»។

គណបក្សក៏បានអំពាវនាវដល់ជនរួមជាតិ គ្រប់និន្នាការបន្តរួបរួមសាមគ្គីគ្នា ក្រោមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរួមសាមគ្គី គ្នាជុំវិញរាជរដ្ឋាភិបាល ដើម្បីបន្តថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលសង្គមជាតិ និងអភិវឌ្ឍមាតុភូមិ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ លទ្ធផលផ្លូវការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថាមានពលរដ្ឋប្រមាណជាង ៧លាន៣សែននាក់ ដែលស្មើជាង ៨០ភាគរយបានចេញទៅបោះឆ្នោត ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់។

អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) បានលើកឡើងថាការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតដែលត្រឹមត្រូវ មានសេរីភាព និងយុត្តិធម៌ តាមក្បួនច្បាប់អន្តរជាតិ។

លោកថា៖ «លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន (ខុសគ្នា) ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក