នាយករដ្ឋមន្ត្រីរម្លឹកពីស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងវេទិកាប្រ៊ីកបូក
ភ្នំពេញ: នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេស លើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់និងសកល។ សម្ដេចថ្លែងបែបនេះក្នុងវេទិកា BRICS Plus យប់ថ្ងៃសុក្រ ទី២៤ ខែមិថុនានេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នតំបន់និងសកលលោកបាននិងកំពុងបន្តប្រឈមកាន់តែស្រួចស្រាល់ឡើងៗ ហើយកាន់តែស្មុគស្មាញនិងមិនអាចប៉ាន់ប្រមាណបានចំពោះ ការអភិវឌ្ឍ រួមមានការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមយោធា ពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការរឹតបន្តឹងនូវគោលនយោបាយរូបីយវត្ថុជាដើម។
សម្ដេចថា៖ «កត្តាទាំងនេះបាននិងកំពុងបង្កឱ្យមានការផ្លាស់ប្តូរនិម្មាបនកម្មសេដ្ឋកិច្ចសកលលោក និងបន្ទច់បង្អាក់ចរន្តសកលភាវូបនីយកម្ម ដែលធ្វើឱ្យខ្សែច្រវាក់តម្លៃសកល និងផលិតភាពសកលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់»។
ឆ្លើយតបនឹងបញ្ហានេះសម្ដេចតេជោជំរុញដល់ពិភពលោកត្រូវតែប្រកាន់ខ្ជាប់នូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពង្រឹងពហុភាគីនិយម ជាពិសេសលើកកម្ពស់ការបើកចំហសម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងកាត់បន្ថយរបាំងពាណិជ្ជកម្មនានា ជាពិសេសលើទំនិញយុទ្ធសាស្ត្រ ដូចជាស្បៀងអាហារ ថ្នាំពេទ្យ និងថាមពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃតំបន់និងសកល។ ជាមួយគ្នានេះការពង្រឹងនិងពង្រីកកិច្ចសហការក្នុងវិស័យសង្គម-សេដ្ឋកិច្ចថ្មីៗ ក៏ជាកិច្ចការ អាទិភាពផងដែរ។
សម្ដេចតេជោ ជំរុញឲ្យផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការបង្កើនកិច្ចសហការក្នុង ការពង្រឹងសមត្ថភាព និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាប្រភព កំណើនថ្មី ជាពិសេស ជួយប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ទាប ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ បន្ថែមលើនេះ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏គឺជាផ្នែកមួយមិនអាចខ្វះបានសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាពតាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង, ការជំរុញការធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម។
ក្នុងវេទិការនេះ សម្ដេចបានចាត់ទុកក្រុមប្រទេសប្រ៊ីក (BRICS) គឺជាសេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំងប្រកបដោយ សក្ដានុពល មានតួនាទីកាន់តែសំខាន់មិនអាចខ្វះបានក្នុងការពង្រីកនិងពង្រឹងចលនាការនៃសកម្មភាពសេដ្ឋកិច្ចសកលលោកឱ្យត្រលប់ទៅរកកំណើនសក្តានុពល ដើម្បីពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងន័យនេះ កិច្ចសហប្រតិបត្តិការ ប្រ៊ីកបូក (BRICS Plus) ជាកាលានុវត្ត ភាពមួយដ៏សំខាន់សម្រាប់ពង្រឹងភាពជាដៃជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងការបង្កើតវេទិកាសម្រាប់លើក កម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីបង្កើតឱកាសការងារ, កាត់បន្ថយភាពក្រីក្រ ព្រមទាំងការធានាសន្តិសុខស្បៀង និងថាមពលជាដើមក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕