សហព័ន្ធបាល់ទាត់ម៉ាសេដ្វានខាងជើង ស្នើឱ្យ UEFA ស៊ើបអង្កេតកាយវិការអបអរគ្រាប់បាល់របស់កីឡាករអូទ្រីស
រូម៉ានី៖ សហព័ន្ធកីឡាបាល់ទាត់ម៉ាសេដ្វានខាងជើង (FFM) បានស្នើទៅកាន់សមាគមបាល់ទាត់អឺរ៉ុប UEFA ឱ្យបើកការស៊ើបអង្កេតចំពោះខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អូទ្រីស Marko Arnautovic ជុំវិញកាយវិការអបអរសាទរគ្រាប់បាល់របស់គេ ក្នុងជ័យជម្នះ ៣-០ ការប្រកួតបើកឆាកពូល C កាលពីថ្ងៃអាទិត្យកន្លងទៅ។
កីឡាករ Marko Arnautovic ដែលបានផ្លាស់ប្តូរចូលនៅក្នុងវគ្គទី២ ជំនួសកីឡាករ Sasa Kalajdzic បានបង្ហាញអាការៈពុះកញ្ជ្រោល និងអបអរសាទរហួសកម្រិតនូវការស៊ុតបញ្ចូលទីគ្រាប់ទី៣ របស់ក្រុមនៅក្នុងនាទី ទី៨៨ រហូតដល់ប្រធានក្រុមកីឡាករ David Alaba ចូលទៅដើម្បីសម្របសម្រួល និងបញ្ឈប់កាយវិការរបស់គេ។
ក្រោយមក នៅថ្ងៃចន្ទកីឡាករ Marko Arnautovic ដែលមានឈាមជ័រជាជនជាត់ស៊ែប បានចេញមុខមកសុំទោសជាសាធារណៈទៅកានន់អ្នកគាំទ្ររបស់ប្រទេសម៉ាសេដ្វានខាងជើង នូវការបង្ហាញកាយវិការអបអរសាទរជ្រុលហួសរបស់ខ្លួន ប៉ុន្តែ Marko Arnautovic បានបដិសេធនិងអះអាងថាខ្លួនមិនបានប្រើប្រាស់ពាក្យសម្តីណាមួយជុំវិញការបង្ហាញការរើសអើងនោះឡើយ។
យ៉ាងណាក្តី សហព័ន្ធបាល់ទាត់ម៉ាសេដ្វានខាងជើងនៅតែអះអាងថា កាយវិការអបអរហួសហេតុនេះគឺមានបំណងប៉ះពាល់មកលើសមាជិកម្នាក់របស់ក្រុមខ្លួនគឺ Gjanni Alioski ដែលមានឈាមជ័រជាជនជាតិអាល់បានី។ គួរបញ្ជាក់ថា ភាពតឹងតែងនៃការទាមទារឱ្យមានការស៊ើបអង្កេតនេះ ត្បិតប្រទេសទាំងបីរួមមាន ស៊ែប អាល់បានី និងម៉ាសេដ្វានកន្លងមកមាននូវការតានតឹងផ្នែកនយោបាយ ជាពិសេសពាក់ព័ន្ធនឹងការទទួលស្គាល់ដែនអធិតេយ្យរបស់បណ្តាប្រទេសនីមួយៗ៕