ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីនៃមិទ្ទីញនៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងពីការបញ្ជៀសចរាចរណ៍លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្ដុបជលផល ផ្លូវលេខ៤១ ដល់ស្ពានអាកាសក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៥ព្រឹករហូតដល់បញ្ចប់កម្មវិធី។
មិទ្ទិញអបអរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានឹងរៀបចំឡើងនៅថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង៦ព្រឹកតទៅ នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន។
បច្ចុប្បន្នគណបក្សនេះដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន២រូបគឺសម្ដេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនា សាយ ឈុំ ហើយសម្ដេចពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន៨៦៥នាក់៕