ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អគ្គលេខាធិការកីឡាអូឡាំពិកកម្ពុជាថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមបង្ហាញពិភពលោកពីការពិតនៅកម្ពុជា

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ លោក វ៉ាត់ ចំរើន បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយកម្ពុជាបានបង្ហាញនិងប្រាប់ពិភពលោកថា កម្ពុជាពិតបច្ចុប្បន្ននេះមិនដូចរូបភាពដែលកម្ពុជាដែលសេលសល់ពីសង្រ្គាមពីមុនទេ។

ថ្លែងនៅក្នុងវេទិកាអ្នកសារព័ត៌មានក្នុងដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ( 32th SEA GAMES ) នាថ្ងៃទី២៣ ខែមិថុនា លោក វ៉ាត់ ចំរើន បន្តថាបច្ចុប្បន្ននេះរដ្ឋជាច្រើនចំណាយលុយដណ្តើមគ្នាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាផ្សេងៗ ឧទាហរណ៍ដូចជាចិនធ្វើជាម្ចាស់ផ្ទះអូឡាំពិកហ្គេមនៅឆ្នាំ២០០៨ ដែលចិនចំណាយជាង ២កោដលានដុល្លារ។ លោកថាមូលហេតុដែលចិនចំណាយលុយច្រើនរៀបចំកីឡារអូឡាំពិកព្រោះចង់ឱ្យពិភពលោកមកមើលប្រទេសខ្លួន និងហើយប្រាប់ទៅពិភពលោកថា «ខ្ញុំក្លាយទៅជាមហាអំណាចឥឡូវហើយ»។

លោកបញ្ជាក់ថា ចំពោះកម្ពុជារៀបចំធ្វើព្រឹត្តិការណ៍ស៊ីហ្គេមនេះក៏ព្រោះកម្ពុជាក៏មាននយោបាយមួយដែរ។ នយោបាយនោះគឺចង់ឱ្យពិភពលោកមើលឃើញពីរីកចម្រើនរបស់កម្ពុជាដែលងើបចេញពីសង្គ្រាមខ្ទេចខ្ទាំ។

លោកថា៖ «យើងចង់ឱ្យ [កម្ពុជា] ប្រែប្រួលពីប្រទេសដែលមានរូបភាពមិនល្អទៅក្រៅប្រទេស សេលសល់រូបភាពមិនល្អ ព្រោះពិភពលោកនេះធំហើយប្រទេសមួយចំនួនមិនទាន់ស្គាល់កម្ពុជាផង ប្រទេសនិងជនជាតិមួយចំនួននៅមានផ្នត់គំនិតថា កម្ពុជានៅតែជាប្រទេសដែលខ្ទិចខ្ទាំដោយសង្រ្គាម នៅតែជាប្រទេសដែលមានមីនច្រើន នៅតែជាប្រទេសដែលក្រីក្រ គេមិនទាន់ដឹងថាអ្វីដែលជាកម្ពុជាពិតឥឡូវទេ ចឹងទាំងអស់ហ្នឹងហើយដែលយើងធ្វើស៊ីហ្គេមនេះគឺងាយស្រួលក្នុងការបញ្រ្ជាបព័ត៌មាននេះទៅពិភពលោក ងាយស្រួលក្នុងការលក់កម្ពុជាទៅពិភពលោក»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឱ្យដឹងដែរថា៖ «ពីដើមគេស្គាល់កម្ពុជាតាមរយៈពីររឿងទេ ទី១ អង្គរវត្ត ទី២ ប៉ុល ពត ប៉ុន្តែឥឡូវនេះ ស៊ីហ្គេមនេះយើងអាចផ្លាស់ប្តូរបានច្រើន លើកមុនខ្ញុំបាននិយាយម្តងហើយថាកីឡាយើងឈ្នះម្នាក់គឺប្រទេសយើងទាំងមូលដែលឈ្នះ»

កីឡាស៊ីហ្គេមលើកទី៣២ នឹងរៀបចំឡើងក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍កីឡារដ៏ធំប្រចាំតំបន់នេះរំពឹងថានឹងមាន អ្នកចូលរួមប្រមាណ ១០,០០០នាក់ រួមទាំងអត្តពលិក ៧,០០០នាក់ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជាមួយនឹងវិញ្ញាសារកីឡាប្រហែល ៤០ប្រភេទ។

រាជធានី-ខេត្តចំនួន៥ ត្រូវបានកំណត់សម្រាប់ការប្រកួតកីឡា គឺរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កែប និងខេត្តកំពត ។

តាមការរំពឹងទុក រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះកីឡាជាច្រើនប្រភេទ ខេត្តសៀមរាបនឹងរៀបចំការប្រកួតកីឡាជិះកង់ ខេត្តព្រះសីហនុនឹងជាកន្លែងប្រកួតកីឡាជិះស្គី និងទូកក្តោង កែបនឹងធ្វើជាម្ចាស់ផ្ទះកីឡាទ្រីយ៉ាត្លុង ហើយខេត្តកំពតនឹងរៀបចំការប្រកួតកីឡាទូកក្ដោង និងកាយ៉ាក។

នេះជាលើកទីមួយហើយសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកមួយរូប ក្នុងចំណោមសមាជិកស្ថាបនិកទាំងប្រាំមួយ ដែលរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នេះ៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក