ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការអន្តរដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានបញ្ចប់កិច្ចប្រជុំលើកទី៣៥ របស់ខ្លួនកាលពីថ្ងៃពុធ ទី២២ ខែមិថុនា ម្សិលមិញដោយរលូននិងជោគជ័យ។ នេះបើយើងតាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែមិថុនា របស់អាយឆាកម្ពុជា។
កម្ពុជាបានដឹកនាំកិច្ចប្រជុំអាយឆារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ និងមានការចូលរួមពីតំណាង/តំណាងរងអាយឆានៃប្រទេសសមាជិអាស៊ានទាំងអស់ព្រមទាំងលេខាធិការដ្ឋានអាស៊ានផងដែរ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានដឹកនាំកិច្ចប្រជុំនេះដោយផ្ទាល់នឹងបានពិភាក្សាលើរបាយការណ៍ឆ្នាំ២០២២ របស់អាយឆា សេចក្ដីថ្លែងការរបស់អាយឆាទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣ ដើម្បីជាការត្រៀមលក្ខណៈសម្រាប់កិច្ចជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងអាឆាដែលនឹងប្រព្រឹត្តទៅនៅដើមខែសីហា ឆ្នាំ២០២២។
ក្រៅពីបញ្ហាទាំងនេះកិច្ចប្រជុំអាយឆាក៏បានពិភាក្សា លើសិទ្ធិបរិស្ថាន សិទ្ធិសុខភាព ធុរកិច្ចនិងសិទ្ធិមនុស្ស ការជួញដូរមនុស្ស សិទ្ធកុមារ និងកិច្ចសន្ទានាសិទ្ធិមនុស្សអាស៊ានឆ្នាំ២០២២ និងយុទ្ធសាស្ត្រក្នុងការអនុវតុ្តផែនការ៥ឆ្នាំ (២០២១-២០២៥) របស់ខ្លួននិងអនុសាសន៍ទទួលបានពីកិច្ចពិគ្រោះយោបល់ថ្នាក់ដំបន់ស្ដីពីស្វ័យវាយតម្លៃរបស់អាយឆាលើវឌ្ឍនភាពការងារ ក្រោយពីបង្កើតឡើងបានរយៈពេល១០ឆ្នាំ។
ក្រៅពីនោះរួមកិច្ចការមួយចំនួនទៀតទាក់ទងនឹងការរៀបចំកិច្ចប្រជុំប្រឆាំងឆ្នាំជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងជំនួបជាមួយស្ថាប័នសិទ្ធិមនុស្សជាតិអាស៊ាន និងគម្រោងជួបសន្ទនាលើកទី៤ជាមួយសហគមន៍អឺរ៉ុបផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ថា៖ «កិច្ចប្រជុំលើកទី៣៥ របស់អាយឆា បានប្រព្រឹត្តទៅនិងបញ្ជប់ដោយរលូន ព្រមទាំងទទួលបានលទ្ធផលគួរជាទីពេញចិត្ត ហើយសមាជិក សមាជិកាទាំងងស់ នៃកិច្ចប្រជុំក៏បានសម្ដែងនូវការសាទេ និងការកោតសរសើរចវំពោះតំណាងកម្ពុជាប្រចាំអាយ និងជាប្រធាននៃកិច្ចប្រជុំដែលបានដឹកនាំកិច្ចប្រជុំនេះបានយ៉ាងល្អប្រសើរ»។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ខាងមុខអាយឆានិងចូលរួមជាមួករដ្ឋមន្ត្រីការបរទេសអាស៊ានប្រជុំអនុម័តលើឯកសារសំខាន់ៗចំនួន៣ដែលបានសម្រេចក្នុងកិច្ចប្រជុំនេះដែលរួមមាន របាយការណ៍ឆ្នាំ២០២២ របស់អាយឆា សេចក្តីថ្លែងការណ៍របស់ប្រធានអាយឆាទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកម្មវិធីសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣៕