ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនជនរួមជាតិថាការស្នើសុំតុលាការឱ្យសម្រេចលើការផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥២ មកថ្ងៃខែឆ្នាំកំណើតពិតប្រាកដថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញគឺដើម្បីបញ្ជៀសនូវការភ័ន្តច្រលំដោយសារកន្លងទៅមានការជូនពរថ្ងៃកំណើតរបស់សម្ដេច ១ឆ្នាំដល់ទៅ ២ដង គឺនៅក្នុងខែមេសាម្ដង និងក្នុងខែសីហាម្ដងទៀត។
ក្នុងសារលិខិតផ្ញើជូនជនរួមជាតិចុះថ្ងៃពុធ ទី២២ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាមូលហេតុដែលសម្ដេចផ្លាស់ប្ដូរថ្ងៃខែឆ្នាំកំណើតពិតទៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១នោះគឺដាក់តាមថ្ងៃដែលសម្ដេចចូលព្រៃម៉ាគីតាមការអំពាវនាវរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ នាអំឡុងឆ្នាំ១៩៧០។
សម្ដេចតេជោបញ្ជាក់ថា៖ «ក្នុងសម័យកាលសង្គ្រាមនោះ ទូលព្រះបង្គមជាខ្ញុំបានកំណត់យកថ្ងៃដែលទូលព្រះបង្គំជាខ្ញុំ បានកំណត់យកថ្ងៃដែលទូលព្រះបង្គំជាខ្ញុំបានចូលតស៊ូ ធ្វើជាថ្ងៃកំណើតតែម្ដង គឺថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ និងបានប្រើប្រាស់នាពេលកន្លងមក»។
សម្ដេចតេជោថាការកែថ្ងៃខែឆ្នាំកំណើតមកថ្ងៃខែពិតប្រាកដវិញគឺដើម្បីជៀសវាងនូវការភាន់ច្រឡំពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរថ្ងៃកំណើតរបស់សម្ដេច ដែលមានដល់ទី២ដងក្នុងមួយឆ្នាំ។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦វិញ បន្ទាប់ពីទទួលបានពាក្យស្នើសុំពីមេធាវីតំណាងសម្ដេចតេជោ លោក គី តិច។ តុលាការបានបញ្ជាដល់មន្ត្រីអត្ត្រានុកូលដ្ឋាន ព្រមទាំងអាជ្ញាធរ និងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការកែតម្រូវ គល់បញ្ជីសំបុត្រកំណើត និងឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញផងដែរ។
បន្ទាប់ពីត្រូវបានតុលាការចេញដីការសម្រេច សម្ដេចតេជោ បានធ្វើលិខិតជម្រាបជូនដល់ព្រះវររាជមាតា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ ស៊ីហនុ ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ប្រធានព្រឹទ្ធសភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានរដ្ឋសភា សម្ដេចពញាចក្រី ហេង សំរិន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ប្រធានគ.ជ.ប លោក ប្រាជ្ញ ចន្ទ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន និងរដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជ្រាប និងទទួលដំណឹងពីសេចក្ដីសម្រេចនេះផងដែរ៕