ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានដែលបានបញ្ចប់ទៅនឹងថ្ងៃពុធ ទី២២ ខែមិថុនានេះ និងបានជូនពររដ្ឋមន្ត្រីការពារជាតិប្រទេសអាស៊ានទាំងអស់ទទួលបាននូវសេចក្ដីរីករាយក្នុងការស្នាក់នៅកម្ពុជានឹងនាំទៅវិញនូវអនុស្សាវរីយ៍ល្អៗវិញផងដែរ។
ក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន និងប្រតិភូរដ្ឋមន្ត្រីការពារជាតិអាស៊ានដឹកនាំដោយលោក Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof នៅវិមានសន្ដិភាពនៅរសៀលនេះ លោក Dato Yussof បានវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំរបស់សម្ដេចតេជោក្នុងនាមប្រធានអាស៊ាន និងបានជម្រាបជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចប្រជុំការពារជាតិអាស៊ានដែលទទួលបានលទ្ធផលជាទីពេញចិត្ត។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់លោក Yussof ដែលបានរាយការណ៍ជួនសម្ដេច និងបានស្វាគមន៍វាយតម្លៃខ្ពស់នូវការសម្របសម្រួលឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន១០ និងកិច្ចប្រឹងប្រែងរបស់រដ្ឋមន្ត្រីការពារជាតិទាំងអស់ដែលនាំឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិទទួលបានជោគជ័យ។
កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ (16th ADMM) រដ្ឋមន្ត្រីការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា អង្គប្រជុំបានអនុម័តឯកសារទស្សនៈទានចំនួន៣ ដែលផ្តួចផ្តើមដោយកម្ពុជារួមមាន ឯកសារទស្សនៈទានស្តីពីការលើកកម្ពស់សហប្រតិបត្តិការណ៍កងទ័ពបណ្តារប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាត ការលើកកម្ពស់យន្តការណ៍គាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន និងឯកសារទស្សនៈទានស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការណ៍ស្ថានប័នអប់រំយោធាអាស៊ាន។
បន្ថែមពីនេះ អង្គប្រជុំក៏បានអនុម័តនូវឯកសារចក្ខុវិស័យស្តីពីតួនាទីការពារជាតិ ក្នុងការគាំទ្រស្តារឡើងវិញក្រោយកូវីដ-១៩ ដែលផ្តួចផ្តើមនិងរៀបចំដោយសិង្ហបុរី និងកម្ពុជា ឯកសារលក្ខខណ្ឌប្រតិបត្តិនៃមជ្ឍមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខ ព័ត៌មានវិទ្យា ដែលចងក្រងដោយសិង្ហបុរី។
ជាមួយគ្នានេះសម្តេចប្រមុខការពារជាតិក៏បានលើកឡើងពីនយោបាយឈ្នះៗរបស់កម្ពុជាដែលនាំមកនូវសន្តិភាពដ៏ពេញលេញមួយរបស់ព្រះរាជាណាចក្រកម្ពុជា៕
PHOTO: KOK KY