រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

ប្រធានរដ្ឋសភាប្រាប់តំណាងឥស្លាមពិភពលោកថាសេរីភាពជំនឿនិងសិទ្ធិរបស់សាសនិកឥស្លាមត្រូវបានកម្ពុជាគាំទ្រយ៉ាងពេញលេញ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានប្រាប់ដល់អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម លោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា ថារដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់នូវភាពសុខដុមរមនីយនៃសាសនាដែលបានធ្វើឱ្យសាសនាទាំងអស់អាចរួមរស់ក្នុងសហគមន៍ជាមួយគ្នាបានដោយគ្មានការរើសអើង។ សម្ដេចថាសេរីភាពជំនឿ និងសិទ្ធិរបស់សាសនិកឥស្លាមត្រូវបានរដ្ឋាភិបាលគាំទ្រយ៉ាងពេញលេញផងដែរ។

ក្នុងជំនួបជាមួយលោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) នៅវិមានរដ្ឋសភានៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនានេះ សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសាសនិកឥស្លាមនៅកម្ពុជា តាមរយៈការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរមនា ជាមួយសហគមន៍ភាគតិចដទៃៗទៀតដោយមិនមានការរើសអើងឡើយ។ បន្ថែមពីនេះរាជរដ្ឋាភិបាលក៏បានលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់សាសនិកឥស្លាម ជាអាទិ៍ការជំរុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់សាសនិកឥស្លាម នៅតាមស្ថាប័នឯកជន និងស្ថាប័នសាធារណនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាមអាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបឥស្លាមទៀតផង។

សម្តេចអគ្គមហាពញាចក្រី មានប្រសាសន៍បញ្ជាក់បន្ថែមថានៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិករដ្ឋសភាចំនួន ៨រូប ជាខ្មែរឥស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន ២រូប ជាខ្មែរឥស្លាមដែលបានចូលរួមចំណែកនៅក្នុងភាពជាតំណាងឱ្យសាសនិកឥស្លាមក៏ដូចជាពលរដ្ឋខ្មែរទាំងមូល។

លោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា នៅក្នុងការកសាងបាននូវសុខុដុមរមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើអោយសាសនិកខ្មែរឥស្លាម រស់នៅបានយ៉ាងសុខសាន្តជាមួយសាសនាដទៃទៀតដែលជាទី «គំរូដ៏ល្អសម្រាប់ពិភពលោក»។

សម្ដេចពញាចក្រីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក មហាម៉ាត់ នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់លោកចំពោះសុខទុក្ខរបស់សាសនិកឥស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងអង្គការរ៉ាប៊ីតាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក។

សម្ព័ន្ធពិភពលោកមូស្លីម គឺជាអង្គការអ៉ីស្លាមក្រៅរដ្ឋាភិបាលអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង Holy City of Makkah អារ៉ាប៊ីសាអូឌីត។ វាមានគោលបំណងបង្ហាញសាសនាឥស្លាមពិត និងគោលការណ៍អត់ឱនរបស់ខ្លួន ផ្តល់ជំនួយមនុស្សធម៌ ពង្រីកស្ពាននៃការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយទាំងអស់គ្នា ចូលរួមក្នុងការបើកចំហជាវិជ្ជមានចំពោះវប្បធម៌ និងអរិយធម៌ទាំងអស់ ដើរតាមគន្លងនៃមជ្ឈិមនិយម និងការសម្របសម្រួលដើម្បីដឹងពីសាររបស់សាសនាឥស្លាម និងបញ្ចប់ចលនាដែលនាំឲ្យមានភាពជ្រុលនិយម អំពើហិង្សា ធ្វើឱ្យពិភពលោកដែលពោរពេញទៅដោយសន្តិភាព យុត្តិធម៌ និងការរួមរស់។

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃអង្គារ៍ ទី២២ ខែមិថុនា លោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា បានសំដែងនូវការអបអរសារទរដល់កម្ពុជាដែលមាននាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសមិនឱ្យមានជម្លោះផ្នែកសាសនា។ លោកបន្ថែមថា ប្រទេសអារ៉ាប៊ីសាអូឌីតយកគំរូនៃការដឹកនាំរបស់កម្ពុជាទៅចែករំលែកនៅតាមវេទិការផ្សេងៗ និងថ្នាក់ដឹកនាំដទៃទៀតដើម្បីឱ្យបានដឹងពីរបៀបដែលកម្ពុជាបានផ្ដល់នូវសេរីភាព និងក្ដីស្រលាញ់ផ្នែកសាសនាដល់មនុស្សគ្រប់រូប៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក