ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងការពារជាតិជប៉ុនគាំទ្រផែនការសហប្រតិបត្តការដែលមានស្រាប់ និងជំរុញផែនការកិច្ចសហការជប៉ុន-កម្ពុជាកាន់តែខ្លាំងថែមទៀតក្នុងនោះក៏មានការបណ្ដុះបណ្ដាលលើសមត្ថភាពទ័ពជើងគោកកម្ពុជាផងដែរ។ សម្ដេចតេជោលើកឡើងបែបនេះពេលជួបប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក KISHI Nobuo នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនានេះ។
រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក KISHI Nobuo បានលើកឡើងថាលោកមានសេចក្ដីពេញចិត្តនឹងទំនាក់ទំនង ក៏ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំក្រសួងការពារជាតិប្រទេសកម្ពុជានិងជប៉ុនកាលពីកន្លងមក ដែលថាសកម្មភាពទាំងនេះបានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីកាន់តែរីកចម្រើននិងស៊ីជម្រៅ។
លោកបានបន្ថែមថាប្រទេសជប៉ុនគាំទ្រប្រទេសកម្ពុជាជានិច្ចក្នុងការស្វែងរកដំណោះស្រាយសម្រាប់ប្រទេសមីយ៉ាន់ម៉ា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសំដែងការគាំទ្រចំពោះទំនាក់ទំនងប្រទេសដែលសម្រេចបានដូចគ្នានិងជំរុញផែនការកិច្ចសហការជប៉ុនកាន់តែសកម្មថែមទៀតដូចជា ការផ្លាស់ប្ដូរនាយទាហានវ័យក្មេង នាយទាហានជាន់ខ្ពស់ បណ្ដុះបណ្ដាលលើកសមត្ថភាពកងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងគ្រោះមហន្តរាយ និងសុំឱ្យជប៉ុនផ្ដល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល។
ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិជប៉ុនពេលនេះធ្វើឡើងក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអាស៊ាន-ជប៉ុន។ ដែលថ្នាក់រដ្ឋមន្ត្រីនៃប្រទេសអាស៊ាន និងជប៉ុនបានធ្វើដំណើរមកចូលរួមប្រជុំនៅប្រទេសកម្ពុជា។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក KISHI Nobuo ធ្លាប់បានប្រកាសគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ និងអះអាងថា ឆ្នាំនេះជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន។
ការគាំទ្រនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីស្តីការក្រសួងការពារជាតិជប៉ុន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។
បន្ថែមពីនេះលោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រលើសំណើផ្តួចផ្តើមនានារបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួនដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថាកម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់៕
PHOTO: KOK KY