ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានចាប់ផ្ដើមដឹកនាំកិច្ចប្រជុំអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) នៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែមិថុនានេះ ធ្វើឡើងនៅរាជធានីភ្នំពេញដោយមានការភ្ជាប់ប្រព័ន្ធវីដេអូពីចំងាយជាមួយសមាជិក និងអ្នកពាក់ព័ន្ធដទៃទៀត។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នឹងដឹកនាំកិច្ចប្រជុំ៣ថ្ងៃជាប់គ្នាពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដែលនឹងពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍/កំណត់ហេតុនៃកិច្ចប្រជុំ និងសកម្មភាពនានាដែលបានរៀបចំធ្វើនាពេលកន្លងមក វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្តនិងរបាយការណ៍នៃកម្មវិធីដែលបានអនុវត្តរួចហើយ ឯកសារទស្សនទានស្ដីពីកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆាដែលគ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២២។
ជាពិសេសគឺពិនិត្យ ពិភាក្សាឯកសារសំខាន់ចំនួនបី ដែលត្រៀមសម្រាប់កិច្ចជំនួបប្រចាំឆ្នាំជាមួយរដ្ឋមន្ត្រី ការបរទេសអាស៊ាននាដើមខែសីហា ឆ្នាំ២០២២នេះគឺ របាយការណ៍ឆ្នាំ២០២២ របស់អាយឆា សេចក្តីថ្លែងការណ៍របស់ប្រធានអាយឆាទៅកាន់រដ្ឋមន្ត្រីការបរទេសអាស៊ាន និង កម្មវិធីសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំលើកទី៣៥ក៏មាន កិច្ចជំនួបដាច់ដោយឡែកចំនួន២ រវាងអាយឆាជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) និងជាមួយវេទិកានៃស្ថានប័នសិទ្ធិមនុស្សជាតិអាស៊ាន (SEANF) រួមទាំងការពិភាក្សាទៅ លើបញ្ហាផ្សេងៗមួយចំនួនទៀត។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស លោក ជិន ម៉ាលីន បានឱ្យអ្នកសារព័ត៌មានដឹងថា នេះគឺជាកិច្ចប្រជុំទី២ របស់អាយឆាដែលដឹកនាំដោយលោក កែវ រ៉េមី។ លោកបន្ថែមថា ឯកសារសំខាន់ទាំង៣ខាងលើនឹងត្រូវដាក់ជូនទៅប្រជុំអនុម័តក្នុងកិច្ចប្រជុំការបរទេសអាស៊ាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ខាងមុខ។
លោកថា៖ «អញ្ចឹងរដ្ឋមន្ត្រីការបរទេសអាស៊ានគឺដឹកនាំដោយឯកឧត្តមឧបនាយករដ្ដមន្ត្រី ប្រាក់ សុខុន ចំណែកក្រុមអាយឆាគឺដឹកនាំដោយឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រីជាតំណាងឱ្យអាយឆាកម្ពុជា និងជាប្រធានអាយឆាទាំងមូល ដែលត្រូវជួបប្រជុំថ្ងៃទី២ ខែសីហា ហើយធ្វើផ្ទាល់នៅទីក្រុងភ្នំពេញនេះតែម្ដង»៕