សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបនិងយកឧបករណ៍ហ្គេមអេឡិចត្រូនិច្ចខុសច្បាប់ជាង ១០០ទូរទៅកម្ទេចចោល
ព្រះសីហនុ៖ ទូហ្គេមអេឡិចត្រូនិកដែលសមត្ថកិច្ចធ្វើការដកហូតបាននៅក្នុងក្រុងនៃខេត្តព្រះសីហនុ ចំនួន ១៦៣ទូរត្រូវបានយកទៅកម្ទេចចោលនារសៀលថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។
មានប្រសាសន៍នៅក្នុងឱកាសដុតកម្ទេចននោះព្រះរាជអាជ្ញារងសាលាដំបូងខេត្តលោក ពេញ ពិសិដ្ឋ បានលើកឡើងថាដើម្បីបំបាត់នូវល្បែងស៊ីសងដែលខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចត្រូវតែធ្វើការដកហូតយកមកកំចោលនឹងមានការផាកពិន័យផ្ដន្ទាទោសម្ចាស់អាជីវកម្មទាំងនេះតាមច្បាប់។
លោកថា៖ «ល្បែងស៊ីសងទាំងអស់នេះអាចបណ្ដាលឱ្យមានអំពើហិង្សាការលួចឆក់ប្លន់និងជាកន្លែងប្រើប្រាស់ជួញដូរចែកចាយគ្រឿងញៀនផងដែរដូចនេះរាល់សកម្មភាពការបើកល្បែងអត់ច្បាប់គ្រប់ប្រភេទកម្លាំងសមត្ថកិច្ចត្រូវតែធ្វើការបង្ក្រាប ដើម្បីភូមិឃុំមានសុវត្ថិភាពស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃដូចជារាជរដ្ឋាភិបាលបានដាក់ចេញជាក់ស្ដែងដូចថ្ងៃនេះហ្គេមអេឡិចត្រូនិច្ចចម្រុះចំនួនជាង ១៦៣ទូត្រូវបានកម្ទេចចោលនៅក្នុងភូមិសាស្រ្តសង្កាត់លេខ ៣ក្រុងព្រះសីហនុ»។
ដោយឡែកស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានគូសបញ្ជាក់ថា បានលើកឡើងថាឧបករណ៍ដែលត្រូវបានបំផ្លាញចោលនៅថ្ងៃនេះរួមមាន តុហ្គេមបាញ់ត្រីចំនួន៤៥គ្រឿង ទូហ្គេមផ្សេងទៀតចំនួន ១១៨គ្រឿងដែលបង្ក្រាបបានចាប់ពីអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ បីទីតាំងចំនួន ១០ ក្នុងក្រុងព្រះសីហនុ៕