សមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួនបានក្រុមឆក់កាបូប៣នាក់បន្ទាប់ពីធ្វើសកម្មភាពធ្វើឱ្យពលរដ្ឋម្នាក់រងរបួសធ្ងន់
បន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយចេក ឃាត់ខ្លួនក្រុមចោរឆក់កាបូបចំនួន ៣នាក់ ជិះម៉ូតូ ១គ្រឿង ដែលបានធ្វើសកម្មភាពឆក់កាបូបពលរដ្ឋនៅស្រុកស្វាយចេក បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ម្នាក់។ ករណីឆក់កាបូបនេះបានកើតឡើងនៅវេលាម៉ោង១១ និង២៨នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវកោងភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
អធិការនគរបាលនគរបាលស្រុកស្វាយចេក លោកវរសេនីយ៍ឯក ជា ស្លូញ បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ ជាស្ត្រីចំនួន ២នាក់ បានជិះម៉ូតូ ១គ្រឿង ពីត្បូងទៅជើងដល់ចំណុចផ្លូវកោង ភូមិតាស្មន់ ឃុំរលួស ជនមិនស្គាល់មុខចំនួន ៣នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីមពណ៌ខ្មៅ គ្មានស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះ សៀង សារុំ ភេទ ស្រី អាយុ ៤៧ឆ្នាំ កំពុងជិះម៉ូតូរួមដំណើរជាមួយ ឈ្មោះ ស៊ិវ ដាណេ ភេទស្រី អាយុ ៣៦ឆ្នាំ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលរបួសទាំងពីរនាក់ ធ្ងន់ ១នាក់ បាក់ដងកំបិតស្មាឆ្វេង (បងប្អូនយកទៅព្យាលគ្លីនិគឯកជនបានសុកក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ)។ ក្រោយពីធ្វើសកម្មភាពជនសង្ស័យទាំងបីនាក់ជិះម៉ូតូទៅទិសខាងជើងបាត់ស្រមោល។
លោកអធិការបានបញ្ជាក់ថា សម្ភារៈក្នុងកាបូបដែលជនសង្ស័យឆក់បានរួមមានលុយដុល្លារចំនួន ១ ០៥០ដុល្លារ លុយបាត ៧៥ ៣០០បាត ខ្សែដៃមាសទម្ងន់៥ជី ទូរសព្ទ័ដៃ ១គ្រឿង ប្រាក់ខ្មែរចំនួន ៩១០ ០០០រៀល កាតគ្រីម៉ូតូ ២សន្លឹក និងកាតចាក់វ៉ាក់សាំង ១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិ្តខ្មែរមួយសន្លឹក ។
លោកបានឱ្យដឹងបន្ថែមថា ក្រោយទទួលបានដំណឹងកម្លាំងនគរបាលផ្នែកការងារព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការដេញតាមចាប់ជនសង្ស័យ ១នាក់ និងមធ្យោបាយម៉ូតូ ១គ្រឿងចំណែកបក្សពួក ២នាក់រត់គេចខ្លួនបាត់ និងបន្តឃាត់ខ្លួនបក្សពួកគេចំនួន ២នាក់ទៀត នៅវេលាម៉ោង ៤ល្ងាចថ្ងៃដដែលនៅស្រុកឯកភ្នំខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ និងវត្ថុតាងម៉ូតូដែលជាមធ្យោបាយ កម្លាំងផ្នែកជំនាញនគរបាលព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕