សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងជប៉ុនជួបពិភាក្សាគ្នាដើម្បីបង្កើនចំណងមិត្តភាពយោធាប្រទេសទាំងពីរ

ភ្នំពេញ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានទទួលស្វាគមន៍រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក KISHI Nobuo នៅទីស្ដីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារ៍ ទី២១ ខែមិថុនានេះ។ ជំនួបរវាងរដ្ឋមន្ត្រីទាំងពីរធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចថាជំនួបនេះបានពិភាក្សាលើកិច្ចសហប្រតិបត្តិការនានា និងអនាគតនៃទំនាក់ទំនងយោធាប្រទេសទាំងពីរ រួមទាំងបញ្ហាតំបន់មួយចំនួនផងដែរ។

សម្ដេចពិជ័យសេនាសរសេរថា៖ «ខ្ញុំនិងឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន បានជួបពិភាក្សាការងារធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការនាពេលកន្លងមកទទួលបានលទ្ធផលជាផ្លែផ្កាលើវិស័យកងទ័ពជើងគោក ជើងទឹក កងរក្សាសន្តិភាព បានពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងវិបុលភាពថែមទៀត ។ ជាមួយគ្នានេះ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ»

កម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន, កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក KISHI Nobuo ធ្លាប់បានប្រកាសគាំទ្រចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ និងអះអាងថា ឆ្នាំនេះជាឆ្នាំប្រកបដោយអត្ថន័យជ្រាលជ្រៅសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន។

ការគាំទ្រនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីស្តីការក្រសួងការពារជាតិជប៉ុន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។

បន្ថែមពីនេះលោករដ្ឋមន្ត្រីការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រលើសំណើផ្តួចផ្តើមនានារបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួនដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថាកម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក