ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អតីតយុទ្ធជនជាង ១០ម៉ឺននាក់កំពុងទទួលបានការយកចិត្តទុកដាក់ពីរដ្ឋដើម្បីតបស្នងនូវការលះបង់របស់ពួកគាត់

ភ្នំពេញ៖ អតីតយុទ្ធជនចំនួន ១០៣ ៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០ ៥៣៩នាក់ កំពុងទទួលប្រាក់របបសន្ដិសុខសង្គមប្រចាំខែពីរដ្ឋ និងត្រូវបានដំឡើងជាបន្តបន្ទាប់ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀតដូចជាការផ្ដល់បណ្ណសមធម៌ ការផ្ដល់ដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនដល់ពួកគាត់ជាដើម។ នេះបើយោងតាមសារលិខិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អបអរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងលិខិតអបអរទិវាអតីតយុទ្ធជនកម្ពុជាថា ពលិកម្មរបស់អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា។

សម្ដេចតេជោថា៖ «ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់ គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហានៃយើង»

ដើម្បីជាការតបស្នងនូវការលះបង់នេះចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការ អនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនឱ្យបានល្អប្រសើរជាបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាស្ថាប័នរដ្ឋ និងឯកជន ពាក់ព័ន្ធនានា បានផ្ដល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាននូវសេវាសាធារណៈ ផ្សេងៗស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បច្ចុប្បន្ននេះ មានអតីតយុទ្ធជនចំនួន ១០៣ ៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០ ៥៣៩នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបាន ដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ដល់ ៦៤ម៉ឺនរៀលក្នុងមួយខែ។ ក្នុងនោះប្រាក់អត្ថប្រយោជន៍ផ្សេងៗក៏នឹងអនុវត្តន៍ដូចមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។

រាជរដ្ឋាភិបាល បានផ្តល់ប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូន អ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់ និងបានដាក់ចេញនិងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការនៅខេត្តចំនួន ៣ដែលមានខេត្តកំពត សៀមរាប និងខេត្តបន្ទាយមានជ័យ។

កាកបាទក្រហមកម្ពុជាក៏បានរួមចំណែកជួយដល់អតីតយុទ្ធជនផងដែរ ដោយបានសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពសរុបចំនួន ៦២៨គ្រួសារ រស់នៅលើដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិកតា (ក្នុង១គ្រួសារ ទទួលបានដី ៧០ម៉ែត្រ គុណ ១៥០ម៉ែត្រ) ដែលបានផ្តល់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទន្ទឹមនឹងនេះ សមាគមអតីតយុទ្ធជនកម្ពុជា និងសប្បុរសជននានា បានកសាងផ្ទះរាប់ពាន់ខ្នងជូនបងប្អូនអតីតយុទ្ធជននៅតាមបណ្តាសហគមន៍ផងដែរ។

សម្ដេចតេជោ បានថ្លែងអំណរគុណព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសតែងតែផ្ដល់ការគាំទ្រដល់អតីតយុទ្ធជន និងគ្រួសារជនពលី មរណៈ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៌ ដ៏ជ្រាលជ្រៅបំផុត។ សម្ដេចក៏ថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការ មិនមែនរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូន អតីតយុទ្ធជន និងក្រុមជនងាយរងគ្រោះនៅកម្ពុជាផងដែរ។

សម្ដេចតេជោថា៖ «ទឹកចិត្តនឹងកាយវិកាដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីនៃការជួយគ្នាទៅវិញទៅមកនៅគ្រប់ កាលៈទេសៈ គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក