វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

កាកបាទក្រហមកម្ពុជាផ្ដល់ថវិកា៥ម៉ឺនដុល្លាជាលើកទី៤ និងសម្ភារៈមួយចំនួនដល់មន្ទីរពេទ្យកុមារអង្គរ

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លាអាមេរិក ជាលើកទី៤ និងសម្ភារៈប្រើប្រាស់ ព្រមទាំងស្បៀងអាហារ ជូនដល់មន្ទីពេទ្យកុមារអង្គរ ស្ថិតនៅខេត្តសៀមរាប ដើម្បីទ្រទ្រង់ដំណើរការផ្ដល់សេវាសុខាភិបាលដល់កុមារកម្ពុជា ។

អគ្គលេខាធីការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ លោកស្រី ម៉ែន នារីសោភ័គ បានដឹកនាំ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបមកប្រគល់ ថវិកា និងសម្ភារៈនេះ នៅព្រឹកថ្ងៃទី២០ មិថុនា។

ក្នុងកិច្ចស្វាគមន៍នាយកមន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា បានឱ្យដឹងថា បច្ចុប្បន្នមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបកំពុងដំណើរការយ៉ាងមមាញឹក ដែលក្នុងមួយថ្ងៃមានកុមារប្រមាណជាង៤០០នាក់ បានមកទទួលសេវាពិនិត្យព្យាបាល និងថែទាំសុខភាព ដូចការការសង្គ្រោះបន្ទាន់ ជំងឺទូទៅ ការវះកាត់ បញ្ហាជំងឺភ្នែក ជំងឺមហារីក ជំងឺមាត់ធ្មេញ បញ្ហាទារកទើបកើតជាដើម ដែលមកពីគ្រប់បណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា ។ លោកវេជ្ជបណ្ឌិតបន្តទៀតថា មន្ទីរពេទ្យកុមារអង្គរ បានពឹងផ្អែកទាំងស្រុងលើមូលនិធិពីសប្បុរសជន ដៃគូសហការ និងសកម្មភាពរៃអង្គាសថវិកាពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីទ្រទ្រង់សេវាសុខភាពរបស់មន្ទីរពេទ្យ ។

ជាមួយគ្នានេះ លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា នេះជាលើកទី៤ ហើយដែលកាកបាទក្រហមកម្ពុជា បាននាំយកថវិកាមកឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ហើយនឹងបន្តជួយឧបត្ថម្ភដល់មន្ទីរពេទ្យជាបន្តបន្ទាប់ទៀតផង ។ ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ យកចិត្តទុកដាក់បំផុត លើការលើកកម្ពស់សុខុមាលភាពររបស់មាតា ទារក និងកុមារ ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្ររអភិវឌ្ឍន៍របស់កាកបាទក្រហមកម្ពុជាដែរ ។

បន្ទាប់ពីកម្មវិធីប្រគល់ថវិកានេះរួចមក គណៈប្រតិភូកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ជូនដល់អាណាព្យាបាលរបស់កុមារ-ទារកសរុបចំនួន ១០០នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ដោយក្នុងម្នាក់ៗទទួលបានឃីតចំនួន១ ដែលរួមមាន៖ មុង ភួយ សារុង ក្រមា អាវក្មេង១ឈុត សាប៊ូកក់សក់ម៉ាកក្លិន១ដប និងសាប៊ូដុសខ្លួនម៉ាកក្លិន១ដប ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក