ភ្នំពេញ: មនុស្សសរុបចំនួន ៣ ០០០ ២៦៤នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ លើកទី១ ខណៈអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ២ ៥៣៧ ២៧៤នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។
បើតាមរបាយការណ៍ដែលផ្តល់ដោយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌិន នៅថ្ងៃចន្ទ ទី១៤ ខែមិថុនានេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ ដែលជាគោលបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ឥឡូវនេះគឺសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនទាំងខ្មែរនិងបរទេសដែលរស់នៅកម្ពុជាបានចំនួនសរុបចំនួន ៣០.០០%ហើយ។
វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៉ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៩៧៥ ៨៧៨ដូស ខណៈចាក់លើកទី២អស់ ៨០៧ ៤៧៨ដូស។ វ៉ាកសាំងម៉ាក Covishield (AstraZeneca) បានចាក់លើកទី១ សរុបចំនួន ១៦២ ៤០៤ដូស ខណៈចាក់លើកទី២អស់ ១៥៤ ៨៧២ដូស និងវ៉ាក់សាំងម៉ាកស៉ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ១ ៨៦១ ៩៨២ដូស ខណៈចាក់លើកទី២អស់ ១ ៥៧៤ ៩២៤ដូស៕