ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថាបដិមាចំនួន 27 ដែលត្រូវបានលួចនាំចេញទៅកាន់សហរដ្ឋអាមេរិកត្រូវបានត្រឡប់មកកាន់ប្រទេសកំណើតវិញហើយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកពុទ្ធសាសនា និងព្រហ្មញ្ញសាសនាក្នុងសម័យអង្គរ ដូចជា ព្រះពុទ្ធរូបគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងរូបនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់។ វត្ថុទាំង២៧រូបនេះ ត្រូវបានបញ្ជួនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្ល សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលា ណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បានបញ្ជាក់ថា៖ «សម្បត្តិ វប្បធម៌ខ្មែរទាំងនេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរជាច្រើនជំនាន់ និងតំណាងឲ្យអរិយធម៌ដ៏រុងរឿងនៃប្រវត្តិសាស្ត្រ របស់កម្ពុជា ដែលបានរសាត់ចាកឆ្ងាយពីមាតុភូមិកំណើតអស់ជាច្រើនឆ្នាំមកហើយនាសម័យសង្គ្រាម និងអសន្តិសុខ កន្លងមក។ ដោយសារគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន នាំមកនូវសុខសន្តិភាពពេញលេញ ទើបយើងមានឱកាសក្នុងការសហការស្វែងរក និងនាំយកកេរមរតកខ្មែរដែលបាន បាត់បង់ទាំងនោះត្រឡប់មកមាតុភូមិកំណើតវិញ» ។
ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រីរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ ស្ថាប័នពាក់ព័ន្ធនានារបស់សហរដ្ឋអាមេរិក ជាពិសេស ការិយាល័យរដ្ឋអាជ្ញានៃសង្កាត់មានហាថានក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ព្រមទាំងក្រសួង ស្ថាប័ននានារបស់កម្ពុជា និងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយលោក Bradley J. Gordon និងលោក Steven Heimberg ដែលបានជួយក្នុងការស្រាវជ្រាវ និងបញ្ចូនរតនសម្បត្តិទាំងនេះត្រឡប់មកកម្ពុជាវិញ។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីក៏បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជាអ្នកកាន់កាប់សមុច្ច័យ ឯកជននៅទូទាំងពិភពលោក សូមចូលរួមសហការ និងប្រគល់សម្បត្តិវប្បធម៌ដែលជាអត្តសញ្ញាណជាតិខ្មែរ ត្រឡប់មកប្រទេសកំណើតវិញ៕