វិទ្យាស្ថានប៉ាស្ទ័រ ចុះហត្ថលេខាជាមួយគម្រោង CAPFish-Capture ដើម្បីពង្រឹងនិងលើកកម្ពស់សមត្ថភាពធ្វើតេស្ត សុវត្ថិភាពម្ហូបអាហារ
ភ្នំពេញ៖ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ជាមួយគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish-Capture) បានចុះហត្ថលេខាកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងនិងលើកកម្ពស់សមត្ថភាពធ្វើតេស្ត សុវត្ថិភាពម្ហូបអាហាររបស់មន្ទីរពិសោធន៍របស់ខ្លួនដើម្បី ឈានទៅសម្រេចបានការទទួលស្គាល់គុណភាព ISO 17025។ ការចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃពុធ ថ្ងៃទី១៥ ខែមិថុនា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោង CAPFish-Capture បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយឱ្យ វិទ្យាស្ថានប៉ាស្ទ័រមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវិភាគនិងតេស្តរកសារធាតុមីក្រូសរីរាង្គក្នុងម្ហូបអាហារ ដោយផ្តល់លទ្ធផលដែលអាចជឿទុកចិត្តបាន។ វាក៏នឹងរួមចំណែកគាំទ្រដល់ធុរកិច្ចម្ហូបអាហាររួមទាំងឧស្សាហកម្មផលិតផលជលផលផងដែរ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបានការទទួលស្គាល់គុណភាព ISO 17025 រវាងក្រុមការងារគម្រោង CAPFish ដែលអនុវត្តដោយអង្គការ UNIDO និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) នឹងជួយអោយមានការទទួលស្គាល់ទាំងកម្រិតជាតិនិងអន្តរជាតិលើលទ្ធផលនៃការធ្វើតេស្ត ដែលធានាថាផលិតផលជលផលកម្ពុជាមានទាំងគុណភាពនិងសុវត្ថិភាព។ វឌ្ឍនភាពនេះ នឹងជួយជំរុញការនាំចេញផលិតផលកែច្នៃកសិកម្មរបស់កម្ពុជា ដោយរួមទាំងផលិតផល ជលផលទៅកាន់បណ្តាប្រទេសដែលមានតម្រូវការនាំចូលខ្ពស់ រួមមានប្រទេសចិននិងសហភាពអឺរ៉ុប។
មន្ទីរពិសោធន៍ដែលមានការទទួលស្គាល់ដើរតួនាទីសំខាន់ក្នុងការធ្វើសមាហរណកម្មផលិតផលអាហារកម្ពុជាចូលក្នុងខ្សែច្រវ៉ាក់ តម្លៃសកល។ បច្ចុប្បន្នមន្ទីរពិសោធន៍ដែលមានការទទួលស្គាល់បែបនេះនៅមានចំនួនកំណត់នៅឡើយនៅក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឱ្យប្រទេសកម្ពុជាពឹងផ្អែកខ្លាំងទៅលើមន្ទីរពិសោធន៍របស់ប្រទេសជិតខាងដើម្បីធ្វើតេស្តវិភាគអាហារ ដែលការនេះ ត្រូវការចំណាយពេលច្រើននិងមានតម្លៃខ្ពស់។
អនុប្រធានរដ្ឋបាលផល លោក ខូវ គួង លើកឡើងថា៖ «មន្ទីរពិសោធន៍សុវត្ថិភាពម្ហូបអាហារដើរតួនាទីយ៉ាងសំខាន់ ដើម្បីរក មើលសារធាតុដែលបង្កគ្រោះថ្នាក់ឬមានហានិភ័យដល់សុវត្ថិភាពម្ហូបអាហារ។ មន្ទីរពិសោធន៍ម្ហូបអាហារ ជួយផ្តល់លទ្ធផលត ស្តដែលអាចជឿទុកចិត្តបានលើប៉ារ៉ាម៉ែត្រខុសគ្នា ដើម្បីប្រាកដថាផលិតផលម្ហូបអាហារកម្ពុជាមានបញ្ហាដែរឬទេ»។
សម្រាប់ការទទួលស្គាល់ជាសកល មន្ទីរពិសោធន៍ម្ហូបអាហារត្រូវមានការទទួលស្គាល់គុណភាពពីស្តង់ដារ ISO17025 បញ្ជាក់ពីសេវាសមប្រកបនិងអាចជឿទុកចិត្តបានដោយមើលឃើញពីតម្រូវការរបស់ប្រទេសកម្ពុជា ក្នុងការផ្តល់នូវលទ្ធផលធ្វើតេស្ត មួយប្រកបដោយគុណភាពនិងទំនុកចិត្តនិងចាត់ថ្នាក់ជាប្រទេសដែលមានសុវត្ថិភាពក្នុងការនាំចេញ ផលិតផលកសិកម្មរួមទាំង ផលិតផលជលផលទៅកាន់ទីផ្សារអាស៊ាននិងសហភាពអ៊ឺរ៉ុប គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFish Capture) ដែលទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប ហើយកំពុងអនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ ឧស្សាហកម្ម (UNIDO) និងរដ្ឋបាលជលផល នឹងជួយគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ដៃគូដើម្បីសម្រេចបាន ការទទួលស្គាល់គុណភាពពីស្តង់ដារ ISO 17025 ។
ប្រធានស្ដីទីផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា លោកស្រី ខាមីឡា ឡមបាត បានឱ្យដឹងថា៖ «ធនធានមន្ទីរពិសោធន៍ក្នុងប្រទេសដែលមានភាពរាយប៉ាយចាំបាច់ត្រូវរួមបញ្ចូលរួមគ្នា និងកំណត់ទិសដៅអោយបានច្បាស់អំពី គោលបំណងនៃការវិភាជធនធានប្រកបដោយប្រសិទ្ធភាព និងចក្ខុវិស័យដើម្បីអភិវឌ្ឍបន្ថែមទៀតលើសមត្ថភាពធ្វើតេស្តរបស់ មន្ទីរពិសោធន៏កម្ពុជា។កម្ពុជាត្រូវការផែនការវិនិយោគរយៈពេលវែងសម្រាប់ហេដ្ឋារចនាសម្ព័នប្រកបដោយគុណភាពដើម្បី បង្កើតបរិយាកាសអំណោយផលក្នុងការជួយជំរុញសុវត្ថិភាពម្ហូបអាហារ មាត្រវិទ្យា និងការធ្វើតេស្តមន្ទីរពិសោធន៍ជាមួយគំរូ ការងារប្រកបដោយនិរន្តរភាព»។
នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លោក សាស្ត្រាចារ្យ អាន់ដ្រេ ស្ត្រីហ្គែល មានប្រសាសន៍ថា៖ «អស់រយៈពេលជាច្រើនឆ្នាំហើយ ដែល IPC ចង់ឱ្យមន្ទីរពិសោធន៍សុវត្ថិភាពម្ហូបអាហាររបស់ខ្លួន មានការទទួលស្គាល់គុណភាព។ សៅវាពីមន្ទីរពិសោធន៍ដែល មានការទទួលស្គាល់ពិតជាអាចផ្ដល់ប្រយោជន៏យ៉ាងសំខាន់ ដល់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់ធុរកិច្ចដែលត្រូវការវិញ្ញាបន ប័ត្របញ្ជាក់លើផលិតផលសម្រាប់នាំចេញពីមន្ទីរពិសោធន៍បែបនេះ។ អភិក្រមនេះ ជាព្រួញមុខពីរ ទី១ ពង្រឹងគុណភាពដំណើរ ការនិងការវិភាគដើម្បីជាឧត្តមប្រយោជន៍សុខភាពសាធារណៈ ជាពិសេសសម្រាប់សុវត្ថិភាពម្ហូបអាហារ និងទី២ រួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជាប្រកបដោយគុណធម៌»។
គំនិតផ្ដួចផ្ដើមក្រោមរូបភាពសហប្រតិបត្តិការរបស់គម្រោង UNIDO-CAPFish និង IPC នឹងរួមចំណែកដល់ការអនុវត្ត គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលអំពាវនាវឱ្យធ្វើពិពិធភាវូបនីយកម្មសេដ្ឋកិច្ចជាតិ។ ពិពិធភាវូបនីយកម្មទំនិញនាំចេញ ជាគោលដៅសំខាន់មួយនៃគោលនយោបាយនេះ ដោយបង្កើនការនាំចេញទំនិញមិនមែនវាយនភ័ណ្ឌឱ្យដល់ ១៥% នៃការនាំចេញទាំងអស់នៅឆ្នាំ២០២៥ រួមទាំងជម្រុញការនាំចេញផលិតផល កសិកម្មកែច្នៃ រួមទាំងផលិតផលជលផលឱ្យបាន ១២%នៃការនាំចេញសរុបនៅឆ្នាំ២០២៥។
នាយកប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម លោក សុខ ណារិន បានមានប្រសាសន៍ថា៖ លោករីករាយនៅពេលដឹងថាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាចង់ឱ្យមន្ទីរពិសោធន៍របស់ខ្លួនមានការទទួលស្គាល់គុណភាពដើម្បីបមើ ដល់វិស័យឧស្សាហកម្មនៅកម្ពុជា ដែលក្នុងនោះរួមទាំងអាជីវកម្មម្ហូបអាហារនិងផលិតផលជលផលផងដែរនោះ។
តាមរយៈ កិច្ចសហការដោយមានការគាំទ្រពីគម្រោង UNIDO-CAPFish លោក សុខ ណារិន មានជំនឿយ៉ាងមុតមាំថាប្រព័ន្ធគ្រងគ្រងគុណភាពរបស់មន្ទីរពិសោធន៍នឹងឆ្លើយតបជាវិជ្ជមានទៅនឹងតម្រូវការ ISO17025 ដែលផ្តល់អត្ថប្រយោជន៍ជាអតិបរមា ដល់ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងម្ហូបអាហារនៅកម្ពុជា។ ពុំមានអ្វីដែលគួរឱ្យសង្ស័យទេថា ភាពជាដៃគូនេះនឹងផ្តល់ឱកាសឱ្យយើងធ្វើការរួមគ្នាដើម្បីជួយឱ្យមន្ទីរពិសោធន៍របស់ IPC សម្រេចបានការទទួលស្គាល់គុណភាពពី ស្ដង់ដារ ISO 17025៕