ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចព្រះសង្ឃរាជាធិបតី ទេព វង្ស ទទួលបានគោរម្យ៍ងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ពីក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា

ភ្នំពេញ៖ ក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្វាយគោរម្យ៍ងារនាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ចំពោះព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ដែលអញ្ជើញជាអធិបតីក្នុងពិធីថ្វាយគោរម្យ៍ងារនេះបានបង្ហាញសេចក្ដីសោមនស្សរីករាយ ដែលសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពីក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលមានឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពមីយ៉ាន់ម៉ា ជាតំណាងបានប្រកាសថ្វាយសម្ដេចព្រះអង្គម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនេះ។

សម្ដេចបានមានប្រសាសន៍ថា គោរម្យ៍ងារនេះ ជាគោរម្យ៍ងារខ្ពស់បំផុតផ្នែកខាងផ្សព្វផ្សាយ លើកតម្កើង និងឧបត្ថម្ភព្រះពុទ្ធសាសនាប្រកបដោយវឌ្ឍនភាព និងចីរភាព។ សម្ដេចបានចូលរួមអបអរសាទរ និងអនុមោទនា ចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមនេះរបស់សម្ដេចព្រះមហាសង្ឃរាជ និងបានថ្លែងអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងគាំទ្រយ៉ាងមុតមាំចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋនៃសាធាណរដ្ឋសហភាពមីយ៉ាន់ម៉ាដែលថ្វាយគោរម្យ៍ងារដ៏ខ្ពស់ជាមហាកិត្តិយសដ៏ធំធេងនេះថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាសម្ដេចព្រះអគ្គមហាសង្ឃរាជ បានបំពេញព្រះរាជបេសកកម្មខាងសាសនាយ៉ាងសកម្មនៅលើឆាកអន្តរជាតិ ជាមួយនឹងតួនាទីដ៏ច្រើនក្នុងការរួមចំណែកនាំមកនូវសុខសន្តិភាពជូនមនុស្សជាតិទូទៅក្នុងនោះរួមទាំងប្រជាជាតិកម្ពុជាផងដែរដែលបានកត់សម្គាល់ និងចងចាំជានិច្ចនូវស្នាព្រះហស្ត និងការការបូជាពលិកម្មគ្រប់បែបយ៉ាងក្នុងមួយព្រះជន្មរបស់សម្ដេចអង្គម្ចាស់ចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា។

សម្ដេចក្រឡាហោម បានបន្តថារដ្ឋធម្មនុញ្ញកម្ពុជា បានចារឹកទុកជាប្រវត្តិសាស្ត្រថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដោយផ្អែកលើហេតុផលនៃប្រជាពលរដ្ឋខ្មែរប្រមាណ ៩០ភាគរយបានកាន់ព្រះពុទ្ធសាសនា យកពុទ្ធសាសនាជាវិថីជីវិតក្លាយជាព្រលឹងអត្តសញ្ញាណជាតិ ព្រមទាំងជាគ្រឹះ ជាឃ្លាំងនៃវប្បធម៌ខ្មែរ។ សម្ដេចបន្តថា «ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍជាតិ ទាំងសេដ្ឋកិច្ច បរិស្ថាន ការអប់រំសីលធម៌ ចរិយាធម៌ក្នុងសង្គមខ្មែររហូតបានក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការទ្រទ្រង់អរិយធម៌វប្បធម៌ជាតិទាំងមូល»

ការទទួលបានគោរម្យ៍ងាររបស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ត្រូវបានអបអរសាទពីសំណាក់មន្រ្តី ប្រជាពលរដ្ឋ ជាពិសេសប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងលិខិតអបអរសារទេថ្វាយចំពោះសម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា បានលើកឡើងថាការថ្វាយគោរមងារនាមាភិធេយ្យ “អភិធជអគ្គមហាសទ្ធម្មជោតិកៈ” ពីក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា ថ្វាយព្រះមហាសង្ឃរាជ ទេព វង្ស ពិតជាបង្ហាញពីការផ្តល់តម្លៃ និងមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមយ៉ាងក្រៃលែងសម្រាប់ជាតិ និងព្រះពុទ្ធសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសក្ខីកម្មនៃស្នាព្រះហស្តសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ក្នុងទំនាក់ទំនងសហប្រតិបត្តិការល្អលើឆាកអន្តរជាតិ និងព្រះបូជនីយកិច្ចដ៏ថ្លៃថ្លា ដើម្បីឧត្តម ប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីនៃកាកបាទក្រហមកម្ពុជា សូមថ្វាយព្រះពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបានជោគជ័យថ្មីៗថែមទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមជូន ជាតិ សាសនា និងសូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក