ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថាការកាត់ទោសលើក្រុមគាំទ្រផែនការ ៩ វិច្ឆិកា របស់សម រង្ស៊ី ជារឿងត្រឹមត្រូវបំផុត

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកការផ្ទន្ទាទោសកញ្ញា សេង ច័ន្ទធារី និងសកម្មជនចំនួន ៤២នាក់ផ្សេងទៀតពីបទញុះញង់និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងការដឹកនាំ គាំទ្រ និងការចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់របស់ សម រង្ស៊ី កាលពីឆ្នាំ២០១៩ គឺជារឿងត្រឹមត្រូវបំផុត។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃសុក្រ ទី១៧ ខែមិថុនានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថាផែនការរបស់លោក សម រង្ស៊ី ទាក់ទងនឹងព្រឹត្តិការណ៍ ៩ វិច្ឆិកា គឺជាផែនការ «ខុសច្បាប់» ទាំងស្រុង។ ខុសច្បាប់នោះដោយថា ចរិតលក្ខណៈនៃផែនការ មានសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងពលរដ្ឋឱ្យធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល និងបានរៃអង្គាសប្រមូលថវិកាដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ធ្វើសកម្មភាពខាងលើក្នុងគោលដៅ ទី១ ចូលមកក្នុងស្រុកដើម្បីចាប់នាយករដ្ឋមន្ត្រីក្នុងតំណែង និងទី២-ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។

អ្នកនាំពាក្យបញ្ជាក់ក្នុងសេចក្ដីថ្លែងការថា៖ «ដូច្នេះធាតុពិតនៃផែនការនេះ គឺជា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារ” តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ ដូច្នេះពាក្យថា “ផែនការវិលត្រឡប់" គឺជាលេសនិងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឲ្យចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ។ អំពើនិងសកម្មភាពខាងលើទាំងនេះ មានភស្តុតាងច្បាស់លាស់និងរឹងមាំ ហើយភស្តុតាងទាំងនេះមួយចំនួន អាចរកបានដោយងាយស្រួល ព្រោះទណ្ឌិត សម រង្ស៊ី និងបក្ខពួកបានប្រើប្រាស់ហ្វេសប៊ុក និងបណ្ដាញសង្គមដទ ទៀត ធ្វើជាមធ្យោបាយដើម្បីបង្ហោះសារញុះញង់ និងបម្រើឲ្យផែនការសកម្មភាពទុច្ចរិតរបស់ខ្លួនខាងលើ»។

អ្នកនាំពាក្យក៏បានចោទសួរបន្ថែមផងដែរថា ជាទិដ្ឋភាពផ្លូវច្បាប់ តើប្រទេសណាមួយក្នុងលោកនេះ ដែលមិនចាត់ទុក “ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើ ឬផែនការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហិង្សា" ថាជាអំពើខុសច្បាប់ ហើយចាត់ទុកជាការអនុវត្តសិទ្ធិសេរីភាព? ប្រទេសមួយចំនួន ថែមទាំងបានចាត់ទុកក្រុមទាំងនេះ ជាអង្គការភេរវនិយមទៀតផង។

ជាការសន្និដ្ឋាន ក្រសួងយុត្តិធម៌ចាត់ទុកការកាត់ទោសទ្រង់ទ្រាយធំជាលើកដំបូងលើក្រុមអ្នកគាំត្រផែនការរបស់ សម រង្ស៊ី ៩ វិច្ឆិកា នេះវាជាការត្រឹមត្រូវបំផុតដែលច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីផ្តន្ទាទោស ឧក្រិដ្ឋជន ក្នុងនាមរដ្ឋអធិបតេយ្យ ដែលប្រកាន់យកគោលការណ៍ដឹកនាំតាមនីតិរដ្ឋ។

អ្នកនាំពាក្យបញ្ជាក់ថា៖ «យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ ត្រូវផ្ដន្ទាទោសក្រោម "បទល្មើសឧបឃាត” តាមមាត្រា ៤៥១ ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវផ្តន្ទាទោសពី “បទល្មើសរួមគំនិតក្បត់” តាមមាត្រា ៤៥៣ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។

បន្ថែមលើនេះក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ ក្នុងនោះរួមមានវិធានការច្បាប់ វិធានការនយោបាយ និងវិធានការការទូត ដោយបានបំផ្លាញចោលទាំងស្រុងនូវផែនការបំផ្លាញកម្ពុជា ដែលដឹកនាំអនុវត្តដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួក ហើយធានាថែរក្សាបាននូវ សុខសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្ដរបស់ប្រជាជន។ ហើយវាជាការត្រឹមត្រូវបំផុត ដែលប្រទេសនានាក្នុងពិភពលោក មិនគាំទ្រផែនការខុសច្បាប់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធ្វើឲ្យផែនការបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់កម្ពុជា ដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងបក្ខពួកទទួលបរាជ័យយ៉ាងអាម៉ាស់។

ផ្អែកតាមការបង្ហាញនូវអង្គហេតុ អង្គច្បាប់ និងភស្តុតាងដែលសមត្ថកិច្ច និងតុលាការប្រមូលបាន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលើកញ្ញា សេង ច័ន្ទធារី និងសកម្មជនផ្សេងទៀត ចំនួន ៤២នាក់ ពីបទញុះញង់និងរួមគំនិតក្បត់ តាមបញ្ញត្តិមាត្រា៤៥៣ មាត្រា៤៩៤ និង មាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការដឹកនាំ ការគាំទ្រ និងចូលរួមក្នុងព្រឹត្តការណ៍ ៩ វិច្ឆិកា ដែលជាផែនការខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយហិង្សា ក្រោមរូបភាពនៃការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ការសម្រេចនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានប្រើពេលវេលាអស់រយៈពេលជិត ៣ឆ្នាំ ដើម្បីធ្វើការអង្កេត ស្រាវជ្រាវ ប្រមូលភស្តុតាងផង និងបើកសវនាការសួរដេញដោលផង។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបថាការសម្រេចសេចក្តីខាងលើ ជាការសម្រេចរបស់តុលាការ ដែលជាអំណាចឯករាជ្យ មានចែងនិងធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមច្បាប់របស់កម្ពុជា បុគ្គលដែលមិនសុខចិត្ត នឹងការសម្រេចរបស់តុលាការជាន់ទាប មានសិទ្ធិប្តឹងតវ៉ាទៅតុលាការជាន់ខ្ពស់ និងមានសិទ្ធិរក មេធាវីការពារខ្លួន ដោយអនុវត្តតាមច្បាប់ និងនីតិវិធីជាធរមាន។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវគ្រប់ភាគីទាំងអស់ដែលមិនសុខចិត្ត ចំពោះការសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញនេះ សូមគោរព និងអនុវត្តតាមបញ្ញត្តិ និងនីតិវិធីច្បាប់របស់កម្ពុជា ដោយធ្វើការចូលរួមក្នុង ដំណើរការនីតិវិធីរបស់តុលាការ តាមរយៈការផ្តល់នូវមេធាវី និងភស្តុតាង ឬសក្ខីកម្មឱ្យបានរឹងមាំ ក្នុងការតតាំង និងដោះបន្ទុកក្នុងនីតិវិធីបណ្ដឹងឧទ្ធរណ៍តាមបញ្ញត្តិច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាដែលមានជាធរមាន៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក