កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

រដ្ឋមន្ត្រីសង្គមកិច្ច ណែនាំឱ្យរៀបចំពិធីសំណេះសំណាលជាមួយអតីតយុទ្ធជននៅថ្ងៃទី២១ ខែមិថុនា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត បានណែនាំដល់មន្ទីរសង្គមកិច្ចរាជធានី-ខេត្តទាំងអស់ឱ្យរៀបចំពិធីសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងខួបលើកទី១៥ «ទិវាអតីតយុទ្ធជនកម្ពុជា» ២១ មិថុនា ដើម្បីលើកទឹកចិត្ត និងដឹងគុណនូវពលិកម្មរបស់ពួកគាត់ក្នុងការការពារជាតិទឹកដី។

ក្នុងសារាចរណែនាំចុះថ្ងៃទី១ ខែមិថុនា លោករដ្ឋមន្ត្រី វង សូត បានបញ្ជាដល់មន្ទីរសង្គមកិច្ចរាជធានី-ខេត្តទាំងអស់ត្រូវសហការជាមួយសមាគមអតីតយុទ្ធជនរាជធានី-ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ចាត់តាំងពិធីអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ ខែមិថុនា ដោយផ្សព្វផ្សាយសារាចរ ស្តីពីការអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្សព្វផ្សាយសារលិខិត សម្តេចតេជោ ហ៊ុន សែន ជូនចំពោះអតីតយុទ្ធជនផងដែរ។

រដ្ឋមន្ត្រីក៏បានបញ្ជាក់ឱ្យចាត់តាំងពិធីសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនក្នុងខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា និងការបង្កើតសមាគមអតីតយុទ្ធជនរាជធានី-ខេត្ត ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ ការពារ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ត្រូវប្រើប្រាស់ថវិកាមន្ទីរសង្គមកិច្ច រាជធានី ខេត្ត និងសុំសហការឧបត្ថម្ភបន្ថែមពីសមាគមអតីតយុទ្ធជនរាជធានី ខេត្ត ឬសប្បុរសជននានាតាមលទ្ធភាពត្រូវផ្ញើរបាយការណ៍ស្តីពីពិធីសំណេះសំណាល ខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ មកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (នាយកដ្ឋានអតីតយុទ្ធជន) ឱ្យបានមុនបំណាច់ខែមិថុនា ឆ្នាំ២០២២។

គួរឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាជាតិអតីតយុទ្ធជនកម្ពុជា ចាប់ពីខែមិថុនា ឆ្នាំ២០០៧មក ដោយក្រៅពីរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតី ស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក