ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីណែនាំឱ្យរៀបចំទិវាអតីតយុទ្ធជនឱ្យបានផុលផុសដើម្បីផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិងប្រជាជនកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្រ របស់អតីតយុទ្ធជនកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។

ដើម្បីរំឭកអំពីវីរភាព និងផ្តល់កិត្តិយសឱ្យស័ក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា ក្នុងខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានណែនាំក្រសួងសង្គមកិច្ចសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា រៀបចំកម្មវិធីជាក់ស្តែងរបស់ទិវាអតីតយុទ្ធជនកម្ពុជា និងត្រូវយកចិត្តទុកដាក់ធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារ វិស័យអតីតយុទ្ធជនឆ្នាំ២០២១ កន្លងទៅ និងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត។

ជាមួយគ្នានេះក្រសួងព័ត៌មានត្រូវណែនាំឱ្យប្រព័ន្ធឃោសនារបស់រដ្ឋ និងឯកជន ផ្សព្វផ្សាយសាលិខិតរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ និងខ្លឹមសារឯកសារនានាពាក់ព័ន្ធនឹង ទិវាអតីតយុទ្ធជនកម្ពុជាក៏ដូចជាសកម្មភាពសង្គមរបស់អតីតយុទ្ធជនកម្ពុជា។ អាជ្ញាធរដែនដីរាជធានី-ខេត្ត ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង សមាគមអតីតយុទ្ធជនកម្ពុជានៅរាជធានី ខេត្តនីមួយៗ ដើម្បីរៀបចំពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជានៅរាជធានី ខេត្ត ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខអតីតយុទ្ធជន តាមមូលដ្ឋាន យុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ និងជនពិការតាមមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា និងលើកទឹកចិត្តដល់ អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីទាំងអស់។ ជាមួយការរៀបចំចងបដាពាក្យស្លោកតាមខ្លឹមសារ «ជយោ ! ព្រះរាជាណាចក្រកម្ពុជាអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ […] រៀនសូត្រតាមគំរូវីរភាពរបស់អតីតយុទ្ធជនកម្ពុជា […] អភិវឌ្ឍអតីតយុទ្ធជន ដើម្បីអភិវឌ្ឍប្រទេសជាតិ និងការពារមាតុភូមិ […] ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»

គ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនជនរួមជាតិ ព្រមទាំងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែកឯកជនទាំងអស់ សូមចូលរួមអបអរសាទរខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជាក្នុងក្តីសោមនស្សរីករាយ ដោយប្រែក្លាយទិវានេះឱ្យទៅជាមហាចលនាសាមគ្គីភាព ជួយឧបត្ថម្ភគាំទ្រ និងផ្សារភ្ជាប់ជាមួយអតីតយុទ្ធជនដែលមាន គុណបំណាច់ចំពោះជាតិមាតុភូមិ ក៏ដូចជាយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដែនកោះ ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គររបស់កម្ពុជា។

គួរឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាជាតិអតីតយុទ្ធជនកម្ពុជា ចាប់ពីខែមិថុនា ឆ្នាំ២០០៧មក ដោយក្រៅពីរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពី អតីតយុទ្ធជន ដើម្បីបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជនក្នុងសង្គម និងជំរុញស្មារតី ស្នេហាជាតិក្នុងស្រទាប់ប្រជាជន កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជនឱ្យស័ក្តិសមជា សសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក