ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានដាក់ពាក្យប្ដឹងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក សុន ឆ័យ ទៅតុលាការហើយនៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ ដោយចោទថាបានបរិហារកេរ្តិ៍ជាសាធារណៈតាមរយៈបទសម្ភាសន៍មួយដែលលោកធ្វើជាមួយសារព័ត៌មាន Cambodia Daily។
ក្នុងពាក្យបណ្ដឺងនេះតំណាង គ.ជ.ប គឺសមាជិក គ.ជ.ប លោក ឌឹម សុវណ្ណារុំ និងអគ្គលេខាធិការរងគ.ជ.ប លោក សោម សូរីដា បានភ្ជាប់ជូនទៅតុលាការនូវ USB Flash មួយដែលផ្ទុកខ្លឹមសារសម្ភាសន៍រវាងពិធីការកាសែត Cambodia Daily លោក តាំង សារ៉ាដា និងលោក សុន ឆ័យ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។
អ្វីដែល គ.ជ.ប យកមកដាក់បន្ទុកនោះមានខ្លឹមសារមួយចំនួនដែលលោក សុន ឆ័យ បានលើកឡើងដូចជា៖ «លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង។ […] យើងមិនចង់ប្រៀបធៀប ដូចចោរលួចគោទ ដូចយើងនិយាយអញ្ចឹង ចោរលួចគោ បើវាលួចគោ ៣ ហើយយើងម៉េចមិនឱ្យ វាលួចទាំង ៥ទៅ»។
មានចំណុចមួយចំនួនដែល គ.ជ.ប បានដកស្រង់មាន៖ «មិនមែនដោយសារគណបក្សប្រឆាំងឡាំប៉ានោះទេ ចេះនិយាយនោះទេ គេមានបច្ចេកទេស គ មានភស្តុតាង គេមានប្រធានភូមិនៅណា កត់អ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោតហ្នឹង យកទាហានឱ្យដើរគគ្រឹកគគ្រេងទាំងយប់នឹង ធ្វើអ្វីខ្លះនឹង ស្អីៗនឹងគេដឹង ដូច្នេះខ្ញុំថា វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ ហើយលទ្ធផលវាមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ ពិតប្រាកដទេ។ឆ័យ បានចោទប្រកាន់បំភ្លឺខុសពីការពិតថា “...លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈ ប្រជាពលរដ្ឋទេ...វាមានការលួច ...ចោរលួចគោ បើវាលួចគោ ៣ ហើយ យើងម៉េចមិនឱ្យវាលួច ទាំង៥ទៅ...វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ»។
គ.ជ.ប បញ្ជាក់ថាការលើកឡើងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ចការងារ ដោយឯករាជ្យ និង អព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្រប តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
គ.ជ.ប ចាត់ទុកការលើកឡើងទាំងនេះបានបំពានដល់រដ្ឋធម្មនុញ្ញាកម្ពុជាមាត្រា ១៥០ថ្មី (ពីរ) មាត្រា ៤២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត និងមាត្រា ៣០៥ (បទបរិហារកេរ្តិ៍ជាសាធារណៈ)នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
គ.ជ.ប បានសំណូមពរដល់តុលាការផ្តន្ទាទោសលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។
កាលពីថ្ងៃទី១៣ ខែមិថុនា គ.ជ.ប បានចេញសេចក្ដីថ្លែងការណ៍មួយដោយប្រកាសថាខ្លួននឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនិងការចោទប្រកាន់មិនពិតទាំងឡាយរបស់លោក សុន ឆ័យ។
ទោះជាយ៉ាងណាលោក សុន ឆ័យ បានចាកចេញពីប្រទេសមុនការព្រមានរបស់ គ.ជ.បនេះ។
បច្ចុប្បន្នលោក សុន ឆ័យ ក៏កំពុងជាប់បណ្ដឹងពីគណបក្សប្រជាជនកម្ពុជាទារ ១លានដុល្លារអាមេរិកផងដែរ បន្ទាប់ពីលោក ធ្វើអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សាយជាខេមភាសាចោទថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា មានការលួចបន្លំ បំភ័យ និងទិញសន្លឹកឆ្នោត។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន៣សែននាក់ ដែលស្មើនឹងជាង ៨០% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់។
នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែមិថុនានេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏បានធ្វើសន្នីសិទព័ត៌មានមួយផងដែរ ដោយបានប្រកាសវាយតម្លៃថាការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មានបរិយាកាសស្ងប់ស្ងាត់ តម្លាភាព សេរីភាព និងទៅតាមក្បួនច្បាប់អន្តជាតិ។
អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) បានលើកឡើងថា៖ «លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន (ខុសគ្នា) ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ»៕