ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីការបរទេសអាស៊ានឯកភាពធ្វើការរួមគ្នាតម្លើងដៃគូជាមួយឥណ្ឌាជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»

ញូវដេលី៖ រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពគ្នាធ្វើការរួមគ្នាឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា ដែលមានអត្ថន័យ ខ្លឹមសារ និងផលប្រយោជន៍គ្នាទៅវិញទៅមក ដោយពិចារណាលើសក្តានុពលដ៏ធំ នៃទំនាក់ទំនងដែលកំពុងរីកចម្រើនជាមួយប្រទេសឥណ្ឌា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការកម្ពុជា អំពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឥណ្ឌា និងកិច្ចសន្ទនាក្រុងដេលីលើកទី១២ ថ្ងៃទី១៦ ខែមិថុនា នាទីក្រុងញូវដែលី នេះបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាស៊ានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពជាលំដាប់ដែលសម្រេចបានក្រោមផែនការការងារកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌានាពេលបច្ចុប្បន្ន ហើយទន្ទឹងរង់ចាំការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា ស្តីពី AOIP ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

អាស៊ាន-ឥណ្ឌា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវភាពស៊ីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា លើវិស័យផ្សេងៗ ដើម្បីស្តារឡើងវិញបន្ទាប់ពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងធានាឱ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពយូរអង្វែងនៅក្នុងតំបន់។ ក្នុងចំណោមវិស័យដែលបានលើកឡើងក្នុងកិច្ចពិភាក្សារួមមាន ការលើកកម្ពស់សមត្ថភាពសុខភាពសាធារណៈ ការផលិតថ្នាំបង្ការ ឱសថបុរាណ សេដ្ឋកិច្ច កសិកម្មឆ្លាតវៃ អាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ ថាមពលកកើតឡើងវិញ និងថាមពលស្អាត ការអភិវឌ្ឍធនធានមនុស្សដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការតភ្ជាប់ផ្លូវគោក-អាកាស-សមុទ្រជាដើម។

រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការព្រួយបារម្ភ និងផលប្រយោជន៍រួម រួមទាំងការអភិវឌ្ឍន៍នៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងផលប៉ះពាល់នៃសង្រ្គាមដែលកំពុងបន្តនៅអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន និងឥណ្ឌាបានទទួលស្គាល់សមិទ្ធិផលជាច្រើនដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយអាស៊ាន-ឥណ្ឌា ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានសន្យាគាំទ្រយ៉ាងពេញទំហឹងចំពោះភាពជាកណ្តាលរបស់អាស៊ាននៅក្នុងយន្តការដឹកនាំដោយអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក