ភ្នំពេញ៖ អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជារាប់ពាន់នាក់បាននាំគ្នាមកទទួលយកបទពិសោធន៍អស្ចារ្យពីពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy” ជាមួយក្រុមហ៊ុន កូកា-កូឡានៅថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ អ្នកចូលរួមពោរពេញទៅដោយក្តីរំភើបនៅពេលដែលពួកគេចូលរួមអបអរក្ដីស្រឡាញ់រួមគ្នាគេចំពោះកីឡា និងមិត្តភាពរបស់ពួកគេ។
មនុស្សជាច្រើនពាន់នាក់បានតម្រង់ជួរយ៉ាងអន្ទះសារនូវឱកាសដ៏កម្របំផុតមួយក្នុងឆាកជីវិត ដើម្បីទស្សនា«ពានបាល់ទាត់ពិភពលោក»ដែលបានដាក់តាំងបង្ហាញនៅពហុកីឡាដ្ឋានជាតិមរតកតេជោក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour” នាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ដោយនាំយកពានដើមមកបង្ហាញជូនទស្សនាដល់អ្នកសេ្នហាវិស័យកីឡាបាល់ទាត់ជុំវិញពិភពលោក និងផ្តល់ជូនពួកគេនូវបទពិសោធដ៏វិសេសវិសាល ដែលត្រូវបានបង្កើតឡើងសម្រាប់អ្នកគាំទ្រកីឡា។
អ្នកចូលរួមម្នាក់ម្នាក់ឈ្មោះ ខៃ ចន្ធូ ដែលធ្វើដំណើរមកតាំងពីព្រលឹម ដើម្បីរង់ចាំនៅខាងក្រៅកីឡដ្ឋាន បានថ្លែងថា៖ «ខ្ញុំមិនអាចទប់អារម្មណ៍រំភើបរបស់ខ្ញុំនៅពេលនេះបានទេ។ ខ្ញុំមានមិត្តពីរនាក់ដែលពួកគេក៏បានមកចូលរួមផងដែរ។ ពួកយើងទាំងអស់គ្នាបានមើលកាប្រកួតបាល់ទាត់ជាមួយគ្នាតាំងពីយើងនៅក្មេងៗម្លេះ។ នេះនឹងក្លាយជាពេលវេលាដ៏ល្អបំផុតមួយក្នុងឆាកជីវិតរបស់យើង»។
នៅម៉ោង ៣រសៀល ពេលវេលាដែលទន្ទឹងរង់ចាំជាយូរមកហើយនោះបានមកដល់ ហើយអ្នកគាំទ្រដែលមានសំណាង ២ពាន់នាក់ អាចចូលទៅជិតពានដែលប្រទេសនីមួយៗចង់បានបំផុតក្នុងពិភពលោក។
ជានិមិត្តរូបនៃកីឡាបាល់ទាត់ ពានបាល់ទាត់ពិភពលោកដើមបង្កបទៅដោយភាពជោគជ័យ និងមោទនភាព ដោយមានតែកីឡាករឆ្នើមៗបំផុតនៅក្នុងវិស័យកីឡាបាល់ទាត់បានកាន់ពាននេះនិងមានប្រវត្តិជាច្រើនទសវត្សរ៍នៅក្នុងប្រវត្តិសាស្ត្រកីឡា។ ការមានឱកាសបានឃើញនិមិត្តរូបកីឡាដ៏ល្បីជិតបំផុតបែបនេះ គឺក្ដីជាសុបិនពិតសម្រាប់អ្នកគាំទ្របាល់ទាត់គ្រប់រូបនៅទូទាំងពិភពលោក។
យុវសិស្សអាយុ ១៦ឆ្នាំម្នាក់ឈ្មោះ ឡុង ប៊ុនរឿន ដែលជាប្រធានក្រុមបាល់ទាត់នៅវិទ្យាល័យមួយ បាននិយាយថា៖ «ខ្ញុំបានឃើញពាននេះច្រើនដងរួចមកហើយតាមទូរទស្សន៍។ វាពិតជាអស្ចារ្យណាស់ក្នុងការឃើញពានពិតនេះដោយភ្នែកផ្ទាល់របស់ខ្ញុំ។ វាជាបំណែកនៃប្រវត្តិសាស្ត្របាល់ទាត់ ខ្ញុំក៏មិនអាចរកពាក្យមកពណ៌នាពីអារម្មណ៍របស់ខ្ញុំឱ្យត្រូវទេ។ វាបានជំរុញចំណង់ចំណូលចិត្តឲ្យកាន់តែស្រឡាញ់កីឡាបាល់ទាត់»។
ដោយបានឃើញពានផ្ទាល់ភ្នែក អ្នកចូលរួមដែលមានសំណាងទាំងអស់ក៏មានឱកាសថតរូបផ្លូវការដោយឈរនៅក្បែរពានដើមផងដែរ។ អ្នកគាំទ្រជាច្រើនបានចែករំលែកបទពិសោធលើបណ្ដាញសង្គម ដើម្បីបង្ហាញអារម្មណ៍រំភើបរបស់ខ្លួនជាមួយអ្នកដទៃ។
ហាសថេក (hashtag) #BelievingIsMagic #TrophyTour #CocaColaKH បានប្រមូលផ្តុំការជជែក និងការចែករំលែកអំពីព្រឹតិ្តការណន៍នេះរាប់ពាន់សារនៅលើ Facebook ជាថ្មីម្តងទៀត បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅរបស់ប្រជាជនកម្ពុជាចំពោះកីឡាបាល់ទាត់។ ចំណងជើងមួយសរសេរថា៖ «សុបិនរបស់ខ្ញុំបានក្លាយជាការពិត! ពានបាល់ទាត់ពិភពលោក បានមកដល់ប្រទេសកម្ពុជាហើយ។ ការចងចាំដែលមិនអាចបំភ្លេចបាន! រកបានមិត្តភក្តិថ្មីល្អៗមួយចំនួនផងដែរ គឺថា សប្បាយចិត្តណាស់!»។
ព្រឹត្តិការណ៍ដ៏ពិសេសនេះបានចាប់ផ្តើមជាមួយនឹងការសម្តែងស្វាគមន៍ដ៏កក្រើកពីសំណាក់អ្នកវាយស្គរបុរាណខ្មែរ និងអ្នករាំរបាំអប្សរា ដែលបង្កើតបរិយាកាសបានជាសប្បាយរីករាយ ខណៈដែលពានបាល់ទាត់ពិភពលោកដើម ត្រូវបានដាក់បង្ហាញជាផ្លូវការសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ខ្សែរការពារ ធារី ចាន់ថាប៊ីន និង អ្នកចាំទីជម្រើសជាតិ លោក ស៊ូ យ៉ាទី ក៏បានចូលរួមជាមួយអ្នកគាំទ្រកីឡាបាល់ទាត់នៅពហុកីឡដ្ឋាន មរតកតេជោផងដែរ ដើម្បីចូលរួមទស្សនាពានបាល់ទាត់ពិភពលោកដើមមួយនេះ។
ទោះបីអ្នកមានសំណាងចូលរួមត្រឹមតែ ២ពាន់នាក់មានសិទ្ធិផ្តាច់មុខថតរូបជាមួយពានដើមក៏ដោយ ក៏អ្នកគាំទ្រដទៃទៀតក៏មិនទាន់ខកចិត្តនៅឡើយដែរ។ ការប្រគុំតន្ត្រីដែលបានរៀបចំធ្វើឡើងបន្ទាប់ពីការបើកបង្ហាញពាន បានបើកស្វាគមន៍សាធារណជនទូទៅជាមួយនឹងការសម្ដែងពី DJ និងសិល្បករសិល្បការនីក្នុងស្រុកល្បីៗផងដែរដូចជា លោក ឡាយ ប៊ុនឡេង និង កញ្ញា Mina ជាដើម។
ពោពេញដោយភាពរំជើបរំជួលនៅពាសពេញពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈដែលពលរដ្ឋកម្ពុជា បានចូលរួមក្នុងសកម្មភាពដទៃទៀតដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា ដូចជាការថតរូបជាមួយអេក្រង់ពណ៌បៃតង សាលកិត្តិនាមរបស់ក្រុមហ៊ុន កូកា-កូឡា និងមានហ្គេមជាច្រើនទៀតដោយមាន ឱកាសឈ្នះរង្វាន់ផងដែរ។ អាហារនិងអាហារសម្រន់ជាច្រើនមានលក់នៅស្តង់លក់ចំណីអាហា ក៏ដូចជាភេសជ្ជៈត្រជាក់ស្រស់ស្រាយនៅទីតាំងបញ្ជរលក់របស់ កូកា-កូឡា ផងដែរ។
ការដាក់បង្ហាញពានបាល់ទាត់ពិភពលោកបានបញ្ចប់នៅពេលរសៀល ប៉ុន្តែអ្នកចូលរួមរាប់ពាន់នាក់បានបន្តលេងកម្សាន្តនៅពហុកីឡដ្ឋានមរតកតេជោរហូតដល់យប់ជ្រៅ ដើម្បីរីករាយជាមួយការប្រគុំតន្ត្រីផ្សាយបន្តផ្ទាល់ ចំណីអាហារ និង ភេសជ្ជៈនានា ហើយក៏ចូលរួមលេងហ្គេមផ្សងសំណាងផងដែរ។
អ្នកស្រលាញ់កីឡាបាល់ទាត់ យូរឆ្នាំមកហើយម្នាក់ឈ្មោះ បែន ពុទ្ធីរិទ្ធ បានយកកូនប្រុសអាយុ ៥ឆ្នាំម្នាក់ ទៅចូលរួមព្រឹត្តិការណ៍នោះបានចែករំលែកបទពិសោធន៍ថា៖ «ទោះបីខ្ញុំមិនមានសំណាងបានថតរូបជាមួយពានក៏ដោយ ក៏ខ្ញុំបានសប្បាយរីករាយជាមួយកូនរបស់ខ្ញុំដែរ។ វាមិនញឹកញាប់ទេដែលយើងអាចទទួលបានភាពរីករាយនៅក្នុងបរិយាកាសពិធី អបអរបែបនេះ។ កូនប្រុសខ្ញុំច្បាស់ជាធំឡើងក្លាយជាអ្នកគាំទ្របាល់ទាត់មិនខាន!»។
អ្នកទស្សនាជាច្រើនផ្សេងទៀតបានចែករំលែកអារម្មណ៍ស្រដៀងៗគ្នានេះដែរ រួមជាមួយនឹងក្តីសង្ឃឹមថា កម្ពុជានឹងស្ថិតក្នុងបញ្ជីសម្រាប់ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA World Cup™ Trophy Tour” ឆ្នាំ ២០២៦ ម្ដងទៀតផងដែរ។
ព្រឹត្តិការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនកូកា-កូឡា និងសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក្នុងការកំណត់ស្តង់ដារថ្មីសម្រាប់កម្មវិធីកីឡាដែលផ្តោតលើអ្នកគាំទ្រនៅជុំវិញពិភពលោក។ ក្រៅពីនាំយកពាន ជានិមិត្តរូបបាល់ទាត់ដល់អ្នកគាំទ្រនៅកម្ពុជា ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភលោកនេះ “FIFA World Cup™ Trophy Tour” ក៏បានផ្តល់ទម្រង់ថ្មីៗនៃសកម្មភាពអតិថិជន និងបង្កើតឱកាសពិសេសសម្រាប់ ពលរដ្ឋក្នុងស្រុកដើម្បីទទួលបានភាពរីករាយ ផ្សារភ្ជាប់ទំនាក់ទំនង និងអបអរសាទរការប្រកួតដ៏អស្ចារ្យជាមួយគ្នា។
ពានរង្វាន់បាល់ទាត់ពិភពលោកត្រូវបានប្រគល់ជូនអ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោក តែពានរង្វាន់នេះនៅតែជាកម្មសិទ្ធិរបស់សហព័ន្ធបាល់ទាត់ពិភពលោក។ ពានរង្វាន់នេះផលិតចេញពីមាសសុទ្ធដែលមានទម្ងន់ ៦,១៤២គីឡូក្រាម និងមានរូបអត្តពលិកពីររូបឈរត្រដាងដៃពីរឡើងលើទ្រពិភពលោក។ ការររចនាពានរង្វាន់នេះបានធ្វើឡើងតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ។ ពានរង្វាន់បាត់ទាត់ពិភពលោក គឺជានិមិត្តសញ្ញាកីឡាដែលមានការទទួលស្គាល់បំផុតនៅក្នុងពិភពលោក និងជានិមិត្តរូបមិនអាចកាត់ថ្លៃបាន ហើយអាចមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអាចប៉ះពាល់ និងកាន់ពានរង្វាន់ដើមនេះ ដែលមនុស្សទាំងនោះត្រូវបានសម្រិតសម្រាំងជម្រើសយ៉ាងខ្លាំង ដូចជាអតីតអ្នកឈ្នះការប្រកួតបាល់ទាល់ពិភពលោក និងប្រមុខរដ្ឋជាដើម។ ដោយសារតែបទប្បញ្ញត្តិចែងថា ពានរង្វាន់បាល់ទាត់ពិភពលោកដើម ត្រូវស្ថិតនៅតែជាកម្មសិទ្ធិរបស់សហព័ន្ធបាល់ទាត់ពិភពលោក ហើយមិនអាចត្រូវបានប្រគល់ផ្តាច់ទៅឱ្យក្រុមកីឡាកដែលឈ្នះការប្រកួតបាល់ទាត់ពិភពលោកឡើយ។ ក្រុមឈ្នះមានសិទ្ធិរក្សាពានរង្វាន់បាល់ទាត់ពិភពលោកពិតបណ្ដោះអាសន្ន ហើយបន្ទាប់មក ពួកគេនឹងត្រូវបានប្រគល់ជូនជាអចិន្ត្រៃយ៍នូវពានរង្វាន់សម្រាប់ការឈ្នះការប្រកួត ដែលហោថា ពានរង្វាន់អ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup Winner’s Trophy) (ដែលពានរង្វាន់នេះធ្វើឡើងដោយការស្រោបមាស ជំនួសឱ្យមាសសុទ្ធទាំងស្រុង និងមានឆ្លាក់ឆ្នាំ ឈ្មោះប្រទេសរៀបចំម្ចាស់ផ្ទះ និងឈ្មោះប្រទេសដែលឈ្នះនៅព្រឹត្តិការណ៍ប្រកួតនីមួយៗ)។
ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោកដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា កម្ពុជា គឺជាឱកាសដ៏វិសេសវិសាលសម្រាប់មនុស្សទូទៅក្នុងការចារជាប់ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ព្រមទាំងបង្កើតក្តីសុបិន្តរបស់ពួកគេចំពោះកីឡា មួយនេះជាមួយគ្នា។ អារម្មណ៍នៃការមើលឃើញពានរង្វាន់បាល់ទាត់ពិភពលោកពិតនឹងស្ថិតនៅក្នុងការចងចាំរបស់អ្នកគាំទ្រ បាល់ទាត់ជារៀងរហូត៕