ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រធានកាកបាទក្រហមកម្ពុជាថ្វាយសារថ្វាយព្រះពរសម្ដេចព្រះវររាជមាតាជាតិក្នុងឱកាសចម្រើនព្រះជន្មាយុព្រះអង្គ

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យបវរសួស្តីថ្វាយហ្លួងម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន និងមានព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជារាស្ត្រជាកូន ជាចៅ ចៅទួត ចៅលួតរបស់ ព្រះអង្គជ្រកកោនប្រកបដោយក្តីសុខដុមរមនា ជាភិយ្យោភាពដ៏យូរអង្វែងតរៀងទៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៨៦ យាងចូល ៨៧ព្រះវស្សារបស់ព្រះអង្គ។

ក្នុងលិខិតថ្វាយព្រះពរ ចុះថ្ងៃទី១៦ ខែមិថុនា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមព្រះមហាក្សត្រីរាជានុញ្ញាតសម្ដែងនូវ ព្រះមហាករុណាទិគុណដ៏ខ្ពង់ខ្ពស់ និងកតញ្ញូ កតវេទិតាធម៌ដ៏ធំធេង ចំពោះព្រះរាជបូនីយកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា សម្ដេចព្រះមហាក្សត្រី ដែលជានិច្ចកាលតែងតែដង្ហែតាមគន្លង ព្រះរាជវីរគំរូដ៏ឆ្នើមបំផុត របស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ បន្តដឹកនាំព្រះរាជកិច្ច ដើម្បីឧត្តម ប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ ធ្វើឲ្យប្រជារាស្ត្រជាកូន ចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងប្រទេស រស់នៅយ៉ាងសុខក្សេមក្សាន្ត ក្នុងសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជានិច្ចនិរន្តរ៍តរៀងទៅ។

ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីសូមលើកហត្ថប្រណម្យឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេស ទេវតារក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម កិរិណីទេវី សូមអភិបាល ប្រោះព្រំគ្រងរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ ព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

រាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា នឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក