ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងប្រធានគណៈកម្មាធិការ បុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ លោក ថោ សេដ្ឋាណា បានឱ្យដឹងថា ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) បានជំរុញអភិវឌ្ឍន៍សមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្តល់សេវាកាន់តែល្អប្រសើរឡើងដល់ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងពិធីប្រកាសបិទកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) នាថ្ងៃទី១៦ ខែមិថុនា លោក ថោ សេដ្ឋាណា បានលើកឡើងថា ក្នុងរយៈពេល ៣ឆ្នាំ នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលកន្លងមកនេះទាមទារឱ្យមានការសិក្សារៀនសូត្របណ្តើរៗ និងអនុវត្តបណ្តើរៗ។ លោកបន្តថា ក្នុងរយៈពេល ៣ឆ្នាំនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) ចាប់តាំងពី ខែឧសភា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២ ដែលសម្រេចបានដោយជោគជ័យនូវការងារជាច្រើនរួមមានទាំងកម្មវិធីគាំទ្រ គោលកម្មវិធី គោលនយោបាយជាតិ និងការរៀបចំច្បាប់ផ្សេងៗ។
បន្ថែមពីនេះ នៅក្នុងវិស័យសុខាភិបាលកម្មវិធីបានផ្តោតលើការរៀបចំចក្ខុវិស័យ ក្នុងការធ្វើឱ្យប្រសើរឡើង ដល់ការផ្តល់សេវាសុខាភិបាលសម្រាប់ការអនុវត្តនាពេលខាងមុខ ការគាំទ្រដល់រដ្ឋបាល ក្រុងស្រុក ដៃគូ អនុវត្តមុខងារជាជម្រើស ដែលតាមរយៈការគាំទ្រនេះ កម្មវិធីបានផ្តល់ជាកញ្ចប់ថវិការឧបត្ភមសម្រាប់រដ្ឋបាលឃុំស្រុក ក្នុងការអនុវត្តសេវានិងដំណោះស្រាយនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន និងការគាំទ្ររដ្ឋបាលក្រុងស្រុកក្នុងការលើកកម្ពស់ ការចូលរួមរបស់ប្រជាពលរដ្ឋ តាមរយៈការគាំទ្រនេះ កម្មវិធីបានសហការណ៍ជាមួយអង្គការមិនមែនរដ្ឋាភិបាល ដៃគូមួយចំនួននៅមូលដ្ឋាន។
ដោយឡែកចំពោះកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលមានការគាំទ្រដល់ក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំចងក្រង ការផលិតវីឌីអូ និងការផ្សព្វផ្សាយ ឯកសារនានា និងបទពិសោធន៍ស្តីពីការអនុវត្តមុខងាររបស់អង្គភាពផ្តល់សេវាគំរូក្នុងវីស័យអប់រំ និងសុខាភិបាល និងបានចូលរួមចំណែកក្នងការរៀបចំសេចក្តីណែនាំបន្ថែមសម្រាប់ពង្រីកវិសាលភាពការអនុវត្តកិច្ចការ នៃវិស័យទាំងពីរខាងលើនេះផងដែរ។
លោកបានបញ្ជាក់ថា៖ «ការគាំទ្រលើការរៀបចំថ្មីនិងកែសម្រួល សេចក្តីណែនាំស្តីពី ប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម សេចក្តីណែនាំស្តីពីការរៀបចំការ ពិពណ៌នាមុខដំណែង ការពិពណ៌នាមុខដំណែងសម្រាប់រៀបចំរដ្ឋបាលក្រុងស្រុកខណ្ឌ គឺជាការរៀបចំសមត្ថភាពអ្នករៀបចំដឹកនាំដោយផ្តោតសំខាន់លើតំណែងប្រធានដើម្បីឱ្យថ្នាក់ក្រោមជាតិយកទៅអនុវត្ត»។
លោក ថោ សេដ្ឋាណា បានបន្តថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការកែទម្រង់នេះគឺធ្វើឡើងក្នុងគោលបំណងឱ្យប្រសើរឡើងនូវយន្តការផ្តល់សេវា ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
គួរបញ្ជាក់ថា កម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) មានគោលបំណងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងភ្នាក់ងារជំនាញនៅក្នុងស្រុក ក្រុងដៃគូ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយការឆ្លើយតប ការសម្របសម្រួល និងគណនេយ្យភាព ដោយផ្តោតទៅលើការលើកម្ពស់ការផ្តល់សេវាដែលត្រូវបានជ្រើសរើសមួយចំនួន។
កម្មវិធីនេះត្រូវបានផ្តល់ថវិកាដោយក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធអាល្លឺម៉ង់ (BMZ) និងត្រូវបានអនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ)។ ដៃគូរបស់គម្រោង រួមមាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងស្រុក ក្រុងមួយចំនួនក្នុងខេត្តបាត់ដំបង។ ក្រសួងមុខងារសាធារណៈ (MCS) ក៏ជាដៃគូរបស់កម្មវិធីកំណែទម្រង់ និងវិមជ្ឈការដែរ ដោយផ្តោត លើសមាសភាគដែលផ្តល់មូលនិធិដោយ BMZ៕
PHOTO: EAC NEWS