ថ្ងៃនេះកាលពី៦០ឆ្នាំមុនតុលាការអន្តរជាតិសម្រេចឲ្យកម្ពុជាឈ្នះលើការឈ្លានពានពីថៃលើប្រាសាទព្រះវិហារ
ភ្នំពេញ: ថ្ងៃនេះជាខួប៦០ឆ្នាំនៃការប្រកាសសាលក្រម តុលាការអន្តរជាតិទីក្រុងឡាអេ សម្រេចឲ្យ ព្រះរាជាណាចក្រកម្ពុជា ឈ្នះក្តីទៅលើការឈ្លានពាន និងចូលកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ លើតំបន់ប្រាសាទព្រះវិហារ។
មហាសម្ធិផលដ៏ធំធេង ក្រោមព្រះរាជកិច្ចដឹកនាំនៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការការពារបូរណភាពដែនដី ក្នុងរដ្ជកាលរបស់ព្រះអង្គ។
យោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ ៤អង្គ ព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៦។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំងក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិ ក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ។
ប្រាសាទនេះត្រូវបានអង្គការ UNESCO ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុង កេបិក ប្រទេសកាណាដា កាលពីថៃ្ង ទី៧ ខែកក្កដា ឆ្នាំ២០០៨៕