លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

នាយករដ្ឋមន្ត្រី ថ្វាយកតញ្ញុតាធម៌និងកតវេទិតាចំពោះសម្តេចព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសចម្រើនព្រះជន្មាយុ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្វាយនូវអំណរសាទរ និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះអង្គចម្រើនព្រះជន្ម ៨៦ យាងចូល ៨៧ ព្រះវស្សា។

ក្នុងសារលិខិតថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមសម្ដេចផ្ទាល់ ព្រមទាំងភរិយា សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្តែងថ្វាយនូវអំណរសាទរ ឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរ ជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំង ព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ។

សម្ដេចតេជោបន្ថែមថា៖ «ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវកតញ្ញុតាធម៌និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជគុណូបការៈក្នុងព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទ្រង់តែងចំណាយព្រះបញ្ញាញាណ និងព្រះកាយពលប្រកបដោយព្រះគុណធម៌ និងព្រះមនុស្សធម៌ ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជារាស្ត្រ ជាពិសេស ព្រះអង្គទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ និងសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ជួយក្នុងវិស័យមនុស្សធម៌ សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ ប្រជារាស្ត្រ ព្រមទាំងក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។

សម្ដេចតេជោ បានបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ជាពិសេសដួង ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាម កិរិណីទេវី សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយ្យោភាពតរៀងទៅ។

រាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់ ៨៦ព្រះវស្សា យាងចូល ៨៧ព្រះវស្សា នឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក