ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្ត និងបង្កើតការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈល្អ។ ការជំរុញនេះតាមរយៈសារលិខិតដែលរបស់សម្ដេចក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ថ្ងៃអង្គារ៍ ទី១៥ ខែមិថុនានេះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថារាជរដ្ឋាភិបាលកំណត់ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈជាអាទិភាពខ្ពស់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចជាគោលនយោបាយនានា ដើម្បីបន្តពង្រឹងភាពប្រកួតប្រជែង ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងធានាបាន កំណើនខ្ពស់ បន្តការបង្កើតការងារកាន់តែប្រសើរ និងបង្កើនប្រាក់ចំណូលប្រកបដោយស្ថិរភាព និងបរិយាបន្ន ព្រមទាំងបញ្ចៀសបាននូវហានិភ័យ និងផលប៉ះពាល់អវិជ្ជមានណាមួយដែលកើតមានឡើងជាយថាហេតុ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការអនុវត្ត គោលនយោបាយសំខាន់ៗមួយចំនួនដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ ២០២៥ គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្ដីពីការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ក្របខណ្ឌយុទ្ធសាស្ត្រ កម្មវិធីស្តារនិងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់-ឆ្នាំ២០២១-២០២៣ និងគោលនយោបាយស្តីពីពលករទេសន្តប្រវេសន៍ ឆ្នាំ២០១៩-២០២៣ ក្របខណ្ឌនគោលយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ជាមួយគ្នានេះដែរ ក្រសួងបាននិងកំពុងជំរុញការអនុវត្តនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០១៩-២០២៣ ជាពិសេស យុទ្ធសាស្រ្តគន្លឹះទី២ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ” ដើម្បីកសាងបាន កម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដែលអាច ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងស្រុកនិងក្នុងតំបន់។
សម្ដេចតេជោថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាអាទិភាពខ្ពស់បំផុតក្នុងគ្រប់ក្របខណ្ឌគោលនយោបាយជាតិ ហើយបានធ្វើការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ លើវិស័យនេះ ដើម្បីខិតខំរត់តាមឱ្យទាន់មហិច្ឆតាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការប្រែប្រួលយ៉ាង ឆាប់រហ័សនៃបច្ចេកវិទ្យា និងទីផ្សារការងារ ព្រមទាំងក្តីរំពឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋក្នុងការមានការងារ ធ្វើល្អ និងកម្រិតជីវភាពកាន់តែប្រសើរឡើង ដោយធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
ជាលទ្ធផលរយៈពេល៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករ និយោជិតជាង ២០ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងការ ទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ហើយបានចាប់យកឱកាសការងារល្អៗ និងបង្កើតមុខ របរដោយខ្លួនឯង និងបានបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។ លើសពីនេះ កម្មករនិយោជិតដែលកំពុងត្រូវបានព្យួរការងារ ឬបាត់បង់ការងារដោយសារវិបត្តិ ជំងឺកូវីដ-១៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ ឱ្យមានវគ្គបណ្តុះបណ្តាលពិសេសមួយដែលមានភាពបត់បែន និងផ្ដោតលើគុណភាពក្រោយពេលបញ្ចប់ការ សិក្សាលើកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ព្រមទាំងបានផ្ដល់នូវប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលសិក្សា ដោយសិក្ខាកាមម្នាក់ទទួលបាន ២០ម៉ឺនរៀល ក្នុង ១ខែ ដើម្បីផ្ដល់ឱកាសឱ្យពួកគាត់ទទួលបាននូវជំនាញ មួយច្បាស់លាស់សម្រាប់ចាប់យកការងារថ្មីនៅក្នុងទីផ្សារការងារ ដែលកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ហើយអាចប្រកបមុខរបរដោយខ្លួនឯងបាន និងបានធ្វើការបណ្តុះបណ្តាលជំនាញទន់ជូន ដល់កម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ចំនួន ៦៨ ០០០នាក់ផងដែរ។
នៅឆ្នាំ២០២២នេះ កម្ពុជាបានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»៕