កណ្តាល៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ និងប្រតិភូកិត្តិយសនៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជាក្រុមហ៊ុនអាកាសចរណ៍បរទេសនិងក្រុមហ៊ុនប្រតិបត្តិករសេវាអាកាសចរណ៍បានចុះពិនិត្យបច្ចេកទេសទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនៅថ្ងៃអង្គារ ទី១៤ ខែមិថុនានេះ។
លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសចាប់ផ្តើមដំណើរទស្សនកិច្ចនេះដោយលោកបានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចបច្ចេកទេសនេះ គឺដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការសាងសង់ និងស្វែងយល់ពីផែនការដាក់ឱ្យដំណើរការនាពេលខាងមុខនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោករដ្ឋមន្ត្រីបានថ្លែងថា ការសាងសង់អាកាសយានដ្ឋានរក្សាបាននូវសកម្មភាពរបស់ខ្លួនតាមកាលកំណត់ ដោយមិនមានការពន្យាពេលច្រើនក្នុងរយៈពេលពីរឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ-១៩ឡើយ។
លោកបានពន្យល់ថា ខណៈពេលដែលចរាចរណ៍ផ្លូវអាកាសនៃការដឹកអ្នកដំណើរនៅទូទាំងពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការរឹតបន្តឹងការធ្វើដំណើរ ក្នុងគោលបំណងបង្ការការរីករាលដាលនៃមេរោគ កូវីដ១៩នោះ ប្រទេសកម្ពុជាបានចាប់ផ្តើមឃើញមានការកើនឡើងនៃចំនួនអ្នកដំណើរ និងជើងហោះហើរដោយសារតែការដំណើរការប្រកបដោយជោគជ័យនៃយុទ្ធនាការចាក់ថ្នាំបង្ការថ្នាក់ជាតិ និងវិធានការដ៏មានប្រសិទ្ធភាពផ្សេងទៀតរបស់រាជរដ្ឋាភិបាល ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នការចរាចរណ៍ផ្លូវអាកាសនៅកម្ពុជាបានឡើងដល់៤០% ក្នុងឆ្នាំ២០១៩ ហើយបានបន្ថែមថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរំពឹងថានឹងមានចរាចរណ៍ផ្លូវអាកាសធម្មតានៃការដឹកអ្នកដំណើរត្រឡប់មកវិញនៅចុងឆ្នាំ២០២៣។
នាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) លោក Charles Vann ក៏បានថ្លែងសុន្ទរកថាស្វាគមន៍ និងលើកឡើងពីសមិទ្ធផលជាក់ស្តែងមួយចំនួនដែលសម្រេចបានក្នុងការសាងសង់ព្រលានយន្តហោះនេះ។ លោកបានបញ្ជាក់ថា ដំណាក់កាលទី១ នៃការអភិវឌ្ឍអាកាសយានដ្ឋានកំពុងដំណើរការទៅមុខយ៉ាងល្អ ហើយបានសម្រេចបានជាង ៣៣% ជាមួយនឹង CAIC ដែលទទួលបានទឹកប្រាក់ជាង ៤៦១ លានដុល្លាររហូតមកដល់បច្ចុប្បន្ន។
លោកបានគូសបញ្ជាក់បន្ថែមអំពីស្ថានភាពនៃសំណង់សំខាន់ៗមួយចំនួន រួមមាន អគារចំណតអ្នកដំណើរ សាងសង់បាន ៣០% មជ្ឈមណ្ឌលថាមពល សម្រេចបាន ៦០% ការសាងសង់ផ្លូវរត់ និងផ្លូវឡាន សម្រេចបាន ២៥% ។ អគារត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសជិតសាងសង់រួចរាល់ហើយ និងផ្លូវថ្មីប្រវែង ១៣,៥ គីឡូម៉ែត្រ ដែលនឹងតភ្ជាប់ទៅអាកាសយានដ្ឋានពីមហាវិថី ហ៊ុន សែន ហើយសាងសង់បានប្រមាណ ៣០% ផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅគ្រោងនឹងបញ្ចប់ការសាងសង់និងដំណើរការពេញលេញនៅឆ្នាំ២០២៥ ហើយត្រូវបានគេរំពឹងថានឹងក្លាយជាអាកាសយានដ្ឋានសំខាន់របស់កម្ពុជា ជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានស្រាប់។