ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចេញទៅមីយ៉ាន់ម៉ាជាលើកទីពីរនៅចុងខែមិថុនានេះ

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជាបានឱ្យដឹងថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចលើកទីពីរនៅមីយ៉ាន់ម៉ា នៅចុងខែនេះ។ ក្នុងដំណើរទៅលើកនេះលោកនឹងផ្ដោតលើការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ា។ លោកបញ្ជាក់បែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី លោកស្រី Kathryn Campbell នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមិថុនា។

នៅក្នុងជំនួបនេះរដ្ឋមន្រ្តីការបរទេសកម្ពុជាបានលើកឡើងពីអំពីការវិវត្តនៃសភាពការណ៍នៅមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីភាពស្មុគស្មាញនៃវិបត្តិ និងការប្រឈមមុខនានាក្នុងការស្វែងរកដំណោះស្រាយសមស្របមួយ ដែលតម្រូវឱ្យមានការយោគយល់គ្នា ភាពអត់ធ្មត់ និងការអត់ឱនពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម ឯកភាព និងសាមគ្គីភាព ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងគ្រប់ភាគីទាំងអស់ ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបានគូសបញ្ជាក់អំពីវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានស្ដីពីមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការរៀបចំការងារជាមូលដ្ឋាន ក្នុងអំឡុងពេលនៃទស្សនកិច្ចលើកទីមួយរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ សម្រាប់អាទិភាពបន្ទាន់ចំនួន៣ រួមមាន៖ «ការបញ្ឈប់អំពើហឹង្សា ការធានាឱ្យបាននូវការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង ការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនានយោបាយប្រកប ដោយបរិយាប័ន្ន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា»។

បន្ថែមពីនេះប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាក៏បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗចំនួនបីដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ រួមមាន ក្របខ័ណ្ឌនៃការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និងក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។

ជាការឆ្លើយតប លោកស្រីរដ្ឋលេខាធិការ Kathryn Campbell បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលីសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងអំឡុងពេល៧០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានឯកភាពប្តេជ្ញ ចិត្តបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក