ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា (កក្រក) បានប្រគល់ថវិកាចំនួន ៣០០ ០០០ ដុល្លារអាមេរិក (លើកទី១២) ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអង្ករចំនួន ១២៦តោន ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ (លើកទី១១) ដោយអនុសាខានីមួយៗទទួលបានអង្ករចំនួន ៩តោន។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជានាថ្ងៃទី១៣ ខែមិថុនា អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ពុំ ចន្ទីនី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់ប្រធានគណៈកម្មាធិការសាខាកក្រករាជធានីភ្នំពេញ លោក ឃួង ស្រេង។
លោកស្រី ពុំ ចន្ទីនី បានសួរសុខទុក្ខ និងកោតសរសើរដល់សាខាកក្រករាជធានីភ្នំពេញ និងអនុសាខាកក្រកខណ្ឌទាំង១៤ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយតម្លាភាពនិងគណនេយ្យភាព ដើម្បីទទួលបានការជឿទុកចិត្ត និងទាក់ទាញការគាំទ្រពីសប្បុរសជនទាំងផ្លូវចិត្តនិងថវិកា សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតឱ្យទទួលបានភាពកក់ក្តៅ និងរស់នៅដោយសុខដុមរមនាក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការសាខាកក្រករាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលដឹកនាំកាកបាទក្រហមកម្ពុជា ប្រកបដោយគតិបណ្ឌិត យកចិត្តទុកដាក់ តាមដាន និងដោះស្រាយភ្លាមៗដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
លោកបន្តថា សាខារាជធានីភ្នំពេញ និងអនុសាខាខណ្ឌទាំង១៤ ប្តេជ្ញាស្វែងរកការគាំទ្រពីសប្បុរសជន ជាពិសេសខិតខំប្រឹងប្រែងរៀនសូត្រពីវីរភាពដឹកនាំ និងអនុវត្តតាមអនុសាសន៍របស់ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដើម្បីសម្រេចបានភាពជោគជ័យក្នុងភារកិច្ចមនុស្សធម៌ និងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតក្នុងបូរណភាពដែនដីរាជធានីភ្នំពេញ៕