វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

គ.ជ.ប រៀបចំប្ដឹងលោក ស៊ុន ឆ័យ បន្ទាប់ពីបាននិយាយថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥មានការលួចបន្លំ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ជាថ្មីពីគោលការណ៍សុចរិត ត្រឹមត្រូវ យុត្តិធម៌ របស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ និងបានច្រានចោលនូវការចោទប្រកាន់របស់មន្ត្រីគណបក្សភ្លើងទៀន លោក ស៊ុន ឆ័យ ដែលថាការបោះឆ្នោតនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ មានការបំភ័យ មានការទិញលក់ និងការលួចបន្លំ។ គ.ជ.ប នឹងចាត់វិធានការ តាមច្បាប់ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិតទាំងនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃច័ន្ទ ទី១៣ ខែមិថុនានេះ ក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បានលើកឡើងថាការចោទប្រកាន់របស់លោក ស៊ុន ឆ័យ មកលើការបោះឆ្នោតគឺ «គ្មានមូលដ្ឋាន» និងប្រាប់ឱ្យលោក ស៊ុន ឆ័យ ឱ្យគោរពឆន្ទៈរាស្ត្រផងដែរ។

គ.ជ.ប បានថ្លែងថា៖ «ជាក់ស្ដែងលោក សុន ឆ័យ បាននិយាយដដែលជាដដែលដូចក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ដោយដៃទទួលយកអាសនៈរីឯមាត់ចោទថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នេះមិនត្រឹមត្រូវនិងមិនយុត្តិធម៌ ហើយលោកអះអាងទៀតថាការដែលគណបក្សភ្លើងទៀនទទួលយកអាសនៈគឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។ បើដូចនេះមែនលោក សុន ឆ័យ ក៏ត្រូវតែគោរពឆន្ទៈរបស់ប្រជាពលរដ្ឋជាច្រើនទៀតដែរដែលមិនបានបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ហើយលោក សុន ឆ័យ ប្រាកដជាដឹងថានេះជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យព្រមជាមួយគ្នានេះដែរការបោះឆ្នោតគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។ លោក សុន ឆ័យ និយាយទៀតថា “លទ្ធផលនេះ មិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង»។

គ.ជ.ប បានចាត់ទុកការលើកឡើងរបស់លោក ស៊ុន ឆ័យ គឺជាការមាក់ងាយ ប៉ះពាល់ដល់តម្លៃរបស់ម្ចាស់ឆ្នោត ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ព្រមទាំងធ្វើឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត។

គ.ជ.ប បញ្ជាក់ថា៖ «ដើម្បីភាពស្អាតស្អំ ការរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត»។

សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានប្រាប់ EAC News ថា នៅពេលនេះ គ.ជ.ប កំពុងបន្តកិច្ចការតាមនីតិវិធីរបស់ខ្លួនដោយមិនទាន់អាចជម្រាបជូនលម្អិតបាននៅឡើយទេ។

មាត្រា១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជនណាដែលធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត ត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀល ដល់២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

EAC News មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីគណបក្សភ្លើងទៀនលោក ស៊ុន ឆ័យ បាននៅឡើយទេ។ 

អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា យល់ថាការចាត់វិធានការរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក សុន ឆ័យ មិនមែនជាដំណោះស្រាយទេ ព្រោះការលើកឡើងរបស់គណបក្សភ្លើងទៀនគឺបង្ហាញពីភាព មិនប្រក្រតីមួយចំនួន ដើម្បីយើងមកជជែកគ្នាកែសម្រួលឱ្យល្អប្រសើរតែប៉ុណ្ណោះ។ 

លោក ថាច់ សេដ្ឋា ថា៖ «យើងគ្រាន់តែនិយាយក្នុងនាមគណបក្សប្រឆាំងមួយ ហើយគ្រាន់តែលើកឡើងហ្នឹង បង្ខំឱ្យយើងទទួលយកអ្វីដែល គ.ជ.ប សម្រេច អាហ្នឹងវាមិនត្រឹមត្រូវទេ ការបញ្ចេញមតិតវ៉ាជារឿងសិទ្ធិរបស់យើងហើយនៅក្នុងពេលបោះឆ្នោតនេះទៀត ហើយវាទៅជារឿងការគំរាមកំហែងប្តឹងផ្តល់ ចាត់វិធានការតាមផ្លូវច្បាប់ ដូចរឿងបរិហារកេរ្តិ៍អី អាហ្នឹងខ្ញុំយល់ថា វាមិនមែនជាដំណោះស្រាយ ហើយមិនមែនជានីតិវិធីនៅក្នុង គ.ជ.ប ដែរ រាល់ការកំហុសឆ្គងនិងភាពមិនប្រក្រតី ពេលខ្លះយើងប្តឹងទៅ គ.ជ.ប តើស! ហើយកាលណា គ.ជ.ប សម្រេចយ៉ាងមិចអាហ្នឹងវាទៅតាមគ.ជ.ប ប៉ុណ្នឹងឯង វារឿងអីដែលត្រូវបរិហារកេរ្តិ៍ មិនបរិហារកេរ្តិ៍»។ 

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ ពលរដ្ឋដែលចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ មានចំនួនជិត ៧លាន៣សែននាក់ ដែលស្មើនឹងជាង ៨០% នៃចំនួនពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតជាង ៩លាន ២សែននាក់។

នៅព្រឹកថ្ងៃច័ន្ទ ទី៦ ខែមិថុនានេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិក៏បានធ្វើសន្នីសិទព័ត៌មានមួយផងដែរ ដោយបានប្រកាសវាយតម្លៃថាការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា មានបរិយាកាសស្ងប់ស្ងាត់ តម្លាភាព សេរីភាព និងទៅតាមក្បួនច្បាប់អន្តជាតិ។

អ្នកតំណាងរបស់អ្នកសង្កេតការណ៍អន្តរជាតិ លោក អ៊ុយប៊ែរ ម័រហ្សូ ហាយ ហាដា (Hubert Moise Hal HADDAD) បានលើកឡើងថា៖ «លោកបានចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនឡើងមកហើយ ហើយការបោះឆ្នោតនៅកម្ពុជាមិនមានអ្វីដែលគួរឱ្យច្រណែន (ខុសគ្នា) ពីការបោះឆ្នោតដែលលោកធ្លាប់បានចូលរួមនៅប្រទេសបារាំងឡើយ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក