ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន គ្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិកម្ដងទៀតនៅឆ្នាំនេះក្នុងខែកញ្ញាខាងមុខដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ សម្ដេចក៏នឹងជួបជាមួយពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកសារជាថ្មីផងដែរ។
សម្ដេចតេជោថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមិថុនានេះថា៖ «ខ្ញុំមានផែនការទៅអាមេរិកគឺទៅមហាសន្និបាតអង្គការសហប្រជាជាតិ។ មហាសន្និបាតអង្គការសហប្រជាជាតិចាប់ផ្ដើមនៅថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខ្ញុំនឹងទៅទៅនោះ ហើយថ្ងៃ២៥ ខ្ញុំនឹងត្រលប់មកវិញខែ៩ ហើយខ្ញុំនឹងជួបបងប្អូនខ្មែរនៅទីនោះទៀត»។
ជាធម្មតាសម្ដេចតេជោតែងថ្លែងជាវីដេអូពីកម្ពុជាទៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះជាលើកទី២ ហើយដែលនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅថ្លែងដោយផ្ទាល់ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៨មក។
ថ្លែងជាវីដេអូពីកម្ពុជាចូលរួមសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយកត់សម្គាល់ទៅលើឯករាជ្យភាពរបស់រដ្ឋអធិបតេយ្យ ដោយរម្លឹកទៅអន្តរជាតិថា ប្រទេសនីមួយៗ មិនគួរត្រូវបានបង្អាក់ដំណើរដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសណាមួយ ឬក្រុមណាមួយ ដោយរំលោភលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះពិភពលោកមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ រួមមានការប្រជែងភូមិសាស្ត្រនយោបាយ ការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ជម្លោះប្រដាប់អាវុធដណ្ដើមទឹកដី អំពើភារវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យស្ថានភាពសន្ដិភាព និងសន្ដិសុខអន្ដរជាតិនៅតែទទួលរងនូវសម្ពាធធ្ងន់ធ្ងរដដែល។
សម្ដេចតេជោ បានថ្លែងបន្ថែមថា នៅពេលដែលមានបញ្ហាទាំងនេះ ប្រទេសមួយចំនួនតែប្រើប្រាស់មធ្យោបាយយោធាជាដំណោះស្រាយក្នុងការកំណត់ប្រព័ន្ធអភិបាលកិច្ចផ្សេងៗ ដែលសម្ដេចថាមិនមែនជាដំណោះស្រាយនោះទេ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ជម្រើសទាំងអស់នេះ បានត្រឹមនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ចកាន់តែច្រើនជាងមុនតែប៉ុណ្ណោះ។ កម្ពុជា គឺជាឧទាហរណ៍ជាក់ស្ដែង ដែលឆ្លងកាត់សោកនាដកម្មដ៏អាក្រក់បំផុត ហើយអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺនាពេលបច្ចុប្បន្ន យើងកំពុងតែឃើញការអនុវត្តឡើងវិញនូវគោលនយោបាយដដែលនេះ»៕