ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថាសម្តេចបានទទួលវ៉ាក់សាំងការពាររលាកសួត ខណៈនឹងទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៥ នាពេលខាងមុខ។ សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល។
សម្តេចតេជោបានឱ្យដឹងថា៖ «ខ្ញុំក៏នឹងត្រៀមចាក់ដូសទី៥ ដែរប៉ុន្តែដោយសារតែប៉ុន្មានថ្ងៃមុន គេយកឈាមទៅមើល ឃើញអង់ទីគ័របស់ខ្ញុំនៅខ្ពស់ ដោយសារឥទ្ធិពលដូសទី៤ នៅមិនទាន់អស់ ក្នុងពេលជាមួយគ្នាខ្ញុំឆ្លៀតចាក់វ៉ាក់សាំងការពារសួតឱ្យហើយ ព្រោះថាកូវីដនេះវាវាយសួតបើចឹងពេទ្យគេថាមានថ្នាំចាក់ដើម្បីការពារសួត ជំងឺរលាកសួត»។
ជាមួយគ្នាផងដែរថា សម្តេចក៏បានអំពាវនាវដល់ជនរួមជាតិ និងបរទេសទាំងឡាយដែលនៅកម្ពុជាឱ្យមកទទួលយកវ៉ាក់សាំង ព្រោះវ៉ាក់សាំងនៅកម្ពុជា «មិនបានកំណត់ជាតិសាសន៍» ណាទេហើយក៏អត់យកប្រាក់ដែរ។
គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានចំនួន ៩៤,១០ % ធៀបនឹងប្រជាជន ១៦លាននាក់ ដោយអាយុ ១៨ឆ្នាំ ឡើងទៅមាន ១០៣,២៣% អាយុ ១២-១៧ឆ្នាំ មាន ១០០,៦៥% អាយុ ០៦-១១ឆ្នាំ បាន ១០៩,២៣% និងអាយុ ០៥ឆ្នាំ ១៣៣,៦០% ៕