ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាការតម្លើងប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការសម្រាប់ឆ្នាំ២០២២ នឹងត្រូវតម្លើងឡើងវិញបន្ទាប់ពីមិនបានតម្លើង២ឆ្នាំមកហើយដោយសារបញ្ហានៃជំងឺកូវីដ-១៩។
សម្ដេចថាតាមគោលការណ៍គ្រូពេទ្យនិងគ្រូបង្រៀននឹងត្រូវតម្លើងប្រាក់ខែទាបបំផុត ១លាន ៥សែនរៀល និងមន្ត្រីផ្នែកដទៃទៀតនឹងត្រូវតម្លើប្រាក់ខែទាបបំផុត ១លាន ៤សែនរៀល។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឱ្យតម្លើងពិដានជាប់ពន្ធផងដែរ ដែលមានន័យថាដែលសម្ដេចចង់ឱ្យអ្នកដែលមានប្រាក់បៀវត្សក្រោម ១លាន ៥សែន ១រៀលនឹងមិនតម្រូវឱ្យជាប់ពន្ធនោះទេ។
សម្ដេចតេជោថ្លែងបែបនេះក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែមិថុនា ឆ្នាំ២០២២៕


















          
 
 
 
 
