មីយ៉ាន់ម៉ា: ប្រធានការិយាល័យប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា លោក គង់ ភោគ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញ ទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចនោះលោកបានជួបពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយថ្នាក់ដឹកនាំពាក់ព័ន្ធមីយ៉ាន់ម៉ាសំខាន់ៗរួមមានរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វ៉ុនណា ម៉ោងល្វីន រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ លោក កូ កូ ឡាំង និងសមាជិកក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌មួយចំនួនទៀត។
កិច្ចពិភាក្សាបានផ្តោតសំខាន់លើការពន្លឿននូវវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងតាមដាននូវវឌ្ឍនភាពនៃក្របខណ្ឌដែលបានអនុម័តនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌របស់អាស៊ានដល់ប្រទេសមីយ៉ាន់ម៉ា ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ កន្លងមក៕