សសយក វាយតម្លៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅដោយសេរី គ្មានការបង្ខិតបង្ខំ គំរាមកំហែង និងហិង្សា
ភ្នំពេញៈ សហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃថាកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលកន្លងទៅនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ទាំងក្នុងអំឡុងពេលឃោសនាបោះឆ្នោត ទាំងក្នុងពេលបោះឆ្នោត ទាំងក្នុងពេលរាប់សន្លឹកឆ្នោត ហើយការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជាធរមាន។
ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃសៅរ៍ ទី១១ ខែមិថុនា សហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់ពីបានចូលរួមសង្កេតការណ៍ និងឃ្លាំមើលដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការបោះឆ្នោតនេះ ដោយរាប់ចាប់តាំងពីដំណាក់កាលចុះបញ្ជីឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត រហូតដល់ការរាប់សន្លឹកឆ្នោត ជាពិសេសបន្ទាប់ពីបានពិនិត្យលើរបាយការណ៍ដែលទទួលបានពីអ្នកសង្កេតការណ៍របស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតទាំងអស់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជារួចមក សហភាពសហព័ន្ធយុវជនកម្ពុជាបានរកឃើញថាទាំងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានប្រព្រឹត្តិទៅគ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ហើយបានប្រព្រឹត្តទៅស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាធរមាន។
ទោះបីជាមានការភាពមិនប្រក្រតី និងបណ្តឹងមួយចំនួនតូចក្នុងពេលឃោសនា និងបោះឆ្នោតក្ដី ប៉ុន្តែ គ.ជ.ប តាមរយៈយន្តការ របស់ខ្លួនបានធ្វើការសម្របសម្រួល និងបានដោះស្រាយបណ្ដឹងទាំងនោះស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជាធរមាន ក្នុងជំហរដែលត្រូវបានអ្នកសង្កេតការណ៍ឃ្លាំមើល និងផ្តល់ការវាយតម្លៃជារួមថា មានភាពឯករាជ្យ អព្យាក្រឹត និងមិនលំអៀង។
ក្នុងបុព្វហេតុដើម្បីរួមចំណែកកសាងនូវប្រទេសកម្ពុជាមួយដែលពោរពេញដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ស្របតាមបេសកកម្មដែលមានចែងក្នុងលក្ខន្តិកៈរបស់ខ្លួន សហភាពសហព័ន្ធ យុវជនកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ប្រមូលផ្តុំយុវជនកម្ពុជាពីគ្រប់ទិសទីធំជាងគេនៅទូទាំងប្រទេស តែងតែចូលរួមសង្កេតការណ៍នៅគ្រប់ដំណើរការបោះឆ្នោតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦មក ដើម្បីរួមចំណែកក្នុងកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា មានយុវជនស្ម័គ្រចិត្តដែលជាសមាជិក សមាជិការបស់ខ្លួន សរុបចំនួន ៣៩ ៨១៥រូប ដែលត្រូវបានទទួលស្គាល់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យធ្វើជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោតនេះ៕