កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

លោក សម រង្ស៊ី វាយប្រហារជាលើកទី១ និងប្រាប់ឱ្យលោក កឹម សុខា ភ្ញាក់រលឹកឡើងក្រោយមិនចេញទៅបោះឆ្នោត

ភ្នំពេញ៖ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសគេចពីការចាប់ខ្លួនពីតុលាការកម្ពុជា បានវាយប្រហារលើដៃគូររបស់ខ្លួនគឺ លោក កឹម សុខា ជាលើកទី១ ក្រោយលោក កឹម សុខា មិនចេញទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ លោកបានហៅ លោក កឹម សុខា ថា «ខុសធ្ងន់ធ្ងរ និងសង្ឃឹមថា លោក កឹម សុខា ភ្ញាក់រលឹកឡើងវិញ»។

ក្នុងបទសម្ភាសន៍ជាមួយសារអាស៊ីសេរីកាលពីថ្ងៃទី៩ ខែមិថុនា លោក សម រង្ស៊ី បានចាត់ទុកការមិនចូលរួមទៅបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺជាកំហុសឆ្គងមួយរបស់អ្នកប្រជាធិបតេយ្យ។ លោកបានផ្ដាំឱ្យលោក កឹម សុខា ភ្ញាក់រលឹកឡើងវិញ។

លោក សម រង្ស៊ី ថា៖ «លោក កឹម សុខា ធ្វើសេចក្តីថ្លែងការណ៍ប្រាប់ថា គាត់អត់ទៅចូលរួមការបោះឆ្នោតទេ ពីព្រោះគាត់អត់មានឃើញគណបក្សណាដែលគាត់ពេញចិត្ត បានគាត់អត់ទៅបោះឆ្នោត មានន័យថា គណបក្សប្រជាជនកម្ពុជា ក៏គាត់មិនពេញចិត្ត គណបក្សភ្លើងទៀន ក៏គាត់មិនពេញចិត្ត។ គាត់ចាត់ទុកថា គណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សភ្លើងទៀន ហើយគណបក្សប្រជាជនកម្ពុជា ក៏ដូចគណបក្សភ្លើងទៀន គាត់អត់ពេញចិត្តអ្នកណាទាំងអស់។ គាត់និយាយអ៊ីចឹងខុសធ្ងន់ណាស់។ […] ជាការសោកស្ដាយខ្ញុំសង្ឃឹមថាគាត់នឹងមានការភ្ញាក់រលឹកថាភ្លើងទៀនយ៉ាងមិចក៏គ្រាន់ឆ្ងាយជាងគណបក្សប្រជាជនឆ្ងាយណាស់»។

ការវិវត្តន៍ចុងក្រោយនេះហាក់កំពុងបង្ហាញថាមេដឹកនាំអតីតបក្សសង្គ្រោះជាតិឈានដល់ផ្លូវបំបែករៀងខ្លួន។ ក្នុងអង្គសវនាការកាលពីថ្ងៃទី៨ ខែមិថុនា លោក កឹម សុខា បានជម្រាបអង្គជំនុំជម្រះថា គណបក្សភ្លើងទៀន គឺជាមនោគមរបស់លោក សម រង្ស៊ី ថែមទាំងលើកឡើងថា ទំនាក់ទំនងក្នុងនាមសម្ព័ន្ធភាពជាអ្នកប្រជាធិបតេយ្យ ក្រោមឆ័ត្រគណបក្សសង្រ្គោះជាតិដូចមុនលែងមានទៀតហើយ ដោយសារពេលនេះ លោក សម រង្ស៊ី បានចេញទៅគាំទ្រគណបក្សភ្លើងទៀនដែលមេដឹកនាំរូបនេះបានបង្កើតឡើង។

នាយកខុទ្ទកាល័យលោក កឹម សុខា គឺលោក មុត ចន្ថា បានសរសេរនៅលើហ្វេសបុករបស់លោកនៅថ្ងៃសុក្រ ទី១០ ខែមិថុនានេះថា លោក សម រង្ស៊ី កំពុងលាងភាពអាម៉ាស់របស់ខ្លួនដោយយកលោក កឹម សុខា ធ្វើជាលេស។ ខណៈលោកថាលទ្ធផលដែលបក្សភ្លើងទៀនបានទទួលនៅឆ្នាំ២០២២នេះគឺជាលទ្ធផលដែលបានមកពីអំពើក្បត់សម្ព័ន្ធមិត្តរបស់ខ្លួន។

លោក មុត ចន្ថា បានសរសេរថា៖ «សំដីរបស់បុគ្គល សម រង្ស៉ី ដែលស្រែកឡូឡាចោទដាក់គេឯងនៅពេលនេះ ប្រៀបដូចជាខ្លួនគាត់ជាឆ្កែឆ្គួត តែខំលាងខ្លួន ដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរកាត់ទោសសម្លាប់ចោលដូចឆ្កែឆ្គួត។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋខ្មែរបានចេញសាលក្រមកាត់ទោសគាត់ និងបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ រួចហើយ ប៉ុន្តែនៅឡើយតុលាការកំពូលកាត់ទោសបក្សភ្លើងទៀនដែលរំលោភបំពានច្បាប់វិសោធនកម្មនៃច្បាប់ស្តីពីគណបក្សនយោបាយ, ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសាលដីការបស់តុលាការកំពូល ស្តីពីការរំលាយគណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧»។

ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដើម្បីជ្រើសរើសតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២អាសនៈ ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២។ លទ្ធផលផ្លូវការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថាមានពលរដ្ឋប្រមាណជាង ៧លាន ៣សែននាក់ ដែលស្មើជាង ៨០ភាគរយបានចេញទៅបោះឆ្នោត។ តាមរយៈនៃការរាប់សន្លឹកឆ្នោតបង្ហាញថាគណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សដែលទទួលបានការគាំទ្រច្រើនលើសលប់ពីពលរដ្ឋដដែល៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក