ស្ថានទូតចិននឹងរៀបចំសកម្មភាពជាច្រើនក្នុងខួប ១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិនឱ្យខ្លាំងក្លា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន និងភរិយាបានចូលថ្វាយបង្គំព្រះមហាក្សត្រី បរមនាថ នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសនៃពិធីបុណ្យចម្រើនព្រះជន្មព្រះអង្គគ្រប់ព្រះជន្ម ៨៦យាងចូល ៨៧ព្រះវស្សា។ លោក វ៉ាង បានទូតថ្វាយព្រះមហាក្សត្រីថា ស្ថានទូតចិននឹងមានរៀបចំសកម្មភាពជាច្រើនដើម្បីរម្លឹកព្រះគុណរបស់សម្ដេច «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពលយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរ ក៏ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងពីរប្រទេសបន្តស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនិងចូលរួមយ៉ាងសកម្មក្នុងចំណងមិត្តភាពរវាងចិននិងកម្ពុជា។
ក្នុងពេលចូលថ្វាយបង្គំព្រះមហាក្សត្រីកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ម្សិលមិញលោក វ៉ាង វិនធាន បានទូលថ្វាយព្រះអង្គដោយបានថ្វាយព្រះពរព្រះអង្គមានព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៌ និងមានព្រះជន្មាយុយឺនយូរ។ លោកបានទូលថ្វាយបន្ថែមថា ឆ្នាំនេះគឺគម្រប់ខួបយាងចូល ១០០ព្រះវស្សារបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ស្ថានទូតចិននឹងមានការរៀបចំសកម្មភាពផ្សេងៗជាច្រើនដោយយកចិត្តទុកដាក់ដើម្បីជាការរំលឹកព្រះគុណរបស់សម្ដេច «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានលះបង់ព្រះកាយពលយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរ ក៏ដើម្បីជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងពីរប្រទេសបន្តស្វែងយល់ឱ្យកាន់តែស៊ីជម្រៅនិងចូលរួមយ៉ាងសកម្មក្នុងចំណងមិត្តភាពរវាងចិននិងកម្ពុជា។
ស្ថានទូតចិនបានដកស្រង់ពាក្យរបស់លោក វ៉ាង វិនធាន ថា៖ «ចិននិងកម្ពុជាជាមិត្តដែកថែបយ៉ាងពិតប្រាកដ។ ស្ថិតក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីទាំងពីរកំពុងតែជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើបណ្ដាវិស័យ និងចូលរួមកសាងសហគមន៍វាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។ ឯកឧត្តមក៏បានថ្វាយព្រះពរជាថ្មីម្តងទៀត សូមព្រះអង្គមានព្រះរាជសុខភាពមាំមួន ដើម្បីបន្តជាម្លប់និងបន្តគាំទ្រនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យឋិតថេរជាអមតៈ»។
សម្ដេចព្រះមហាក្សត្រី បរមនាថ នរោត្តម សីហនុ បានថ្លែងអំណរគុណចំពោះពាក្យពេចន៍សួរព្រះរាជសុខទុក្ខរបស់ថ្នាក់ដឹកនាំចិនថ្វាយចំពោះព្រះអង្គ។ ព្រះអង្គមានព្រះរាជបន្ទូលថា មិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិន ត្រូវបានបង្កើតដោយផ្ទាល់និងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសម្ដេច «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំចិនជំនាន់មុន បានក្លាយជាមិត្តភាពដែកថែបដែលមិនអាចបំបែកបាន។
ព្រះអង្គក៏បានរម្លឹកពីការចូលរួមរបស់ចិនមកកម្ពុជាចាប់តាំងពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ មកដោយចិនបានបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមកកាន់កម្ពុជាយ៉ាងឆាប់រហ័សដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ បានផ្តល់ជំនួយជាវ៉ាក់សាំង និងជាសម្ភារៈយ៉ាងច្រើនមកកាន់កម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
ព្រះអង្គក៏មានរាជអង្ការថ្លែងអំណរគុណដល់ភាគីចិនដែលតែងផ្តល់ជំនួយដ៏មានតម្លៃមកកាន់កម្ពុជាដើម្បីរអភិវឌ្ឍន៍ប្រទេសជាតិនិងវឌ្ឍនភាពសង្គម។ ព្រះរាជវង្សានុវង្សកម្ពុជានឹងបន្តយាងចូលរួមជាកម្លាំងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពមួយនេះ នឹងបន្តរួមចំណែកជាកម្លាំងក្នុងការជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យមានការអភិវឌ្ឍន៍ឥតឈប់ឈរ។
គួរឱ្យដឹងផងដែរថា ព្រះបាទ នរោត្តម សីហនុ គឺជាអ្នកគាំទ្រដល់ចិនប្រជាមានិតដ៏ខ្លាំងក្លាមួយ។ ក្នុងនាមជាប្រមុខរដ្ឋ និងរដ្ឋាភិបាលក្នុងសម័យសង្គមរាស្ត្រនិយមព្រះបាទ នរោត្តម សីហនុ បានប្រកាសគាំទ្រឯករាជ្យ និងទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនគឺជាប្រទេសតាំងពីមុនចិនប្រកាសជាប្រទេសថែមទៀត។
ក្នុងពិធីប្រគល់និងទទួលកីឡាដ្ឋានជាតិមរតកតេជោកាលពីថ្ងៃទី១២ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងជាផ្លែផ្ការវាងប្រទេសកម្ពុជានិងប្រទេសចិនគឺចាប់ផ្ដើមដោយសកម្មភាពរបស់អតីតអង្គព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ ដែលបានគាំទ្របក្សកុំមុយនីស្តចិនតាំងពីជំនាន់លោក ម៉ៅ សេទុង មកម្លេះ។
សាធារណរដ្ឋប្រជាមានិតចិនត្រូវបានប្រកាសនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ នៅពេលដែលបក្សកុម្មុយនិស្តចិនដឹកនាំដោយលោក ម៉ៅ សេទុង ទទួលជ័យជម្នះទាំងស្រុងលើកងទ័ពសាធារណរដ្ឋចិនដែលដឹកនាំដោយលោក ចាង ខាយចៀក ហើយបានបង្កើតជាសាធារណរដ្ឋប្រជាមានិតចិនរហូតមកដល់សព្វថ្ងៃ។
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីខែកញ្ញា ឆ្នាំ២០២១ បានប្រោសព្រះរាជទានព្រះរាជសារអបអរសាទរជូនចំពោះ ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននិងបានបញ្ជាក់ថាកម្ពុជានឹងឈរប្រកៀកស្មារជាមួយចិនជានិច្ច។
ព្រះរាជសារ បានបញ្ជាក់បន្ថែមថា៖ «កម្ពុជានឹងប្តេជ្ញាបន្តរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីជាមួយចិន និងជំរុញការកសាងសហគមន៍កម្ពុជា-ចិន ជាមួយនឹងអនាគតរួមគ្នា»៕