កម្ពុជា-ព្រុយណេ ប្តេជ្ញាធ្វើការជាមួយគ្នាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងខួប៣០ឆ្នាំនៃទំនាក់ទំនងការទូត
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងព្រុយណេបានផ្ញើលិខិតអបអរសាទរនូវខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ ដោយប្ដេជ្ញាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីរម្លឹកដល់ការបង្កើតទំនាក់ទំនងរវាងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ទាំងពីរនេះ។
កាលពីថ្ងៃទី៦ ខែមិថុនា រដ្ឋមន្ត្រីការបរទេសព្រុយណេ លោក Dato ERYWAN PEHIN YOSOF បានផ្ញើលិខិតមួយច្បាប់មកកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងន័យថា លោកមានសេចក្ដីពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសព្រុយណេជាមួយប្រទេសកម្ពុជា ដែលទំនាក់ទំនងនេះបានធ្វើឱ្យប្រទេសទាំងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាពិសេសវិស័យពាណិជ្ជកម្ម ការអប់រំ ជំនួយបច្ចេកទេស វប្បធម៌ យុវជន និងកីឡា។ តំណាងឱ្យប្រទេសព្រុយណេរូបនេះបានស្វាគមន៍បន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងសំខាន់ៗទាំងនេះ រួមទាំងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពិគ្រោះយោបល់ទ្វេភាគីនៅកាលបរិច្ឆេទដែលងាយស្រួលគ្នាទៅវិញទៅមក។
លោកថា៖ «ខ្ញុំមានទំនុកចិត្តថា មិត្តភាពនិងកិច្ចសហប្រតិបត្តិការផ្ទាល់ខ្លួនរបស់យើងនឹងបន្តពង្រឹងនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ហើយសូមជូនពរឱ្យអ្នកបន្តទទួលបានជោគជ័យក្នុងការរៀបចំទាំងអស់របស់អ្នកក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ និងបេសកជនពិសេសនៃប្រធានអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា។ ដោយក្តីគោរព និងជូនពរយ៉ាងក្រៃលែង ជូនចំពោះលោកអ្នក និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច»។
ជាការឆ្លើយតបនៅថ្ងៃទី៨ ខែមិថុនា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនប្រ៊ុយណេ សម្រាប់ជំនួយសប្បុរស និងការគាំទ្រជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា។ លោកក៏បានរម្លឹកនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីការបរទេសព្រុយណេ ដើម្បីលើកកម្ពស់ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងលិខិតនោះថា៖ «ខ្ញុំសូមចូលរួមអបអរសាទរ និងជូនពរយ៉ាងកក់ក្តៅបំផុតជូនចំពោះឯកឧត្តម និងប្រជាជននៃប្រទេសប្រ៊ុយណេដារូសាឡឹម ក្នុងឱកាសគម្រប់ខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រ៊ុយណេដារូសាឡឹម។ ប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងល្អដែលមានស្រាប់របស់យើងត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ឥតឈប់ឈរនៅកម្រិតទ្វេភាគី តំបន់ និងពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន»។
ទំនាក់ទំនងកម្ពុជា-ព្រុយណេត្រូវបានបង្កើតឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩២។ ប្រទេសទាំងពីរបានធ្វើការសហការជាចម្បងលើវិស័យពាណិជ្ជកម្ម (ការនាំចូលអង្ករ) ការអប់រំ និងជំនួយបច្ចេកទេស យុវជន កីឡា និងវប្បធម៌។ ផ្នែកសក្តានុពលផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការគឺផ្នែកការពារជាតិ កិច្ចការសាសនា សុខាភិបាល និងទេសចរណ៍។ ស្ដេចស៊ុលតង់នៃប្រទេសព្រុយណេក៏ធ្លាប់ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរកាលពីអំឡុងឆ្នាំ២០១២ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន៕